ខេត្តបាត់ដំបង៖ យុវជនជាច្រើនរូបមកពីក្រុមផ្សេងៗគ្នា នឹងរួមគ្នាបង្កើតកម្មវិធីមួយមានឈ្មោះថា “ជំនោរ Art” ដែលនឹងធ្វើឡើងនៅលើទឹកដីនៃខេត្តបាត់ដំបងចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ។ កម្មវិធីសិល្បៈ និងពិព័រជំរុញលើកកម្ពស់ការថែរក្សាការពារធម្មជាតិបរិស្ថាននេះនឹងបង្ហាញស្នាដៃសម្តែងសិល្បៈរួមទាំងគំនូរ និងការបង្ហាញម៉ូតសម្លៀកបំពាក់ច្នៃពីសម្រាមដែលគេបោះចោល។
ក្នុងរយៈពេល២ថ្ងៃជាប់គ្នានេះ កម្មវិធីសិល្បៈកម្រនេះនឹងត្រូវធ្វើឡើងនៅលើដងផ្លូវ ២កន្លះនាខេត្តបាត់ដំបង ដោយមានសិល្បករប្រមាណជាង៤០នាក់ចូលរួមក្នុងនោះមានក្រុមសហគមហ្វាពន្លឺសិល្បៈ និងក្រុមបង្ហាញម៉ូតក្រុមទេពស្យុត មកពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេតសៀមរាប។ នេះបើយោងតាមការបញ្ជាក់របស់តារាបង្ហាញម៉ូតភេទទី៣ លឿម មានជ័យ ថ្លែងប្រាប់។ នាងលើកឡើងថា កម្មវិធីនេះមានចំណងជួយលើកស្ទួយទាំងផ្នែកសិល្បៈ គំនូរ សៀក បង្ហាញម៉ូត និងធម្មជាតិបរិស្ថាន។ នាងថារីករាយដែលទទួលបានឱកាសក្នុងការបង្ហាញសមត្ថភាព និងចូលរួមការងារសង្គម ដែលនាងនិងក្រុមការងារទាំងអស់បានខិតខំអស់រយៈពេលជាច្រើនខែដើម្បីបង្កើតឲ្យមានព្រឹត្តិការណ៍នេះឡើង និងសង្ឃឹមថាទទួលបានការសាទរ គាំទ្រច្រើនពីមហាជន។
តារាបង្ហាញម៉ូតរូបនេះលើកឡើងដែរថាស្នាដៃច្នៃសិល្បៈគំនូរជាច្រើននឹងត្រូវដាក់តាំងបង្ហាញ ខណៈតារាបង្ហាញម៉ូតប្រមាណ១៥នាក់ផ្សេងទៀត នឹងបង្ហាញសម្លៀកបំពាក់ឆ្នៃពីសំណល់នានាពិសេសសំណល់ប្លាស្ទិកបង្ហាញជាសាធារណៈ ។ នាងរំពឹងថាកម្មវិធីនេះនឹងមានការចូលរួមច្រើនកុះករពីមហាជន៕
ដោយ វឌ្ឍនា