ប៉ែសិន៖ ករណីនាយចឺម ត្រូវបុរសម្នាក់ជាអតីតកីឡាករបាល់ទាត់វាយនឹងឈើជ្រុងដេរក្បាល៥ថ្នេរដោយចោទ ថាផ្ញើសារញ៉ែសង្សារគេ ដែលធ្វើឲ្យផ្អើលពេញផ្ទៃប្រទេសនោះ ទំនងជាបញ្ចប់ក្រៅរបងតុលាការហើយ។ បញ្ចប់ក្រោយពីគេលេចលឺដំណឹងថានាយចឺមសម្រេចទទួលយកការសម្របសម្រួលពីភាគីបង្ក និងមិនចង់មានរឿងទៅថ្ងៃមុខ។
តើករណីអំពើហិង្សា វាយប្រហារ និងគំរាមសម្លាប់ របស់ជនសង្ស័យ ឈ្មោះ ង៉ែត លីទី នៅចំណុចបុរីម្គុដពេជ្រ ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ត្រូវបាន លោក តាន់ គីមហៀក ចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន បានចេញដីកាលេខ៥៨៤ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ សម្រេចឃុំខ្លួនជនត្រូវចោទ ឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ ពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឲ្យខូចខាតដោយចេតនា» រយៈពេល៤ខែ ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅពន្ធនាគារខេត្តប៉ៃលិន ក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ទោះជាមានការឃុំខ្លួនប៉ុន្តែករណីនេះត្រូវបានគេទម្លាយថាមានការសម្របសម្រួលក្រៅប្រព័ន្ធតុលាការហើយដើម្បីបញ្ចប់រឿង ហើយនាយចឺមក៏ទទួលយកការសម្របសម្រួលនេះផងដែរ។នៅមិនទាន់ស្វែងរកការបញ្ជាក់បន្ថែមពីនាយចឺមបាននៅឡើយទេប៉ុន្តែបើយោង ប្រភពពីអ្នកស្និទ្ធនឹងតារារូបនេះលើកឡើងថាមានការអន្តរាគមពីមន្ត្រីមានមុខមាត់មួយចំនួនដែលគេដឹងថាជាសាច់ញាតិជនបង្ក ពិសេសពូបង្កើតរបស់ជនបង្កគឺជាមន្ត្រីធំមួយនៅក្រុងប៉ៃលិនតែម្តង។
មានការលើកឡើងដែរថាសំណងក្រៅផ្លូវការ រួមទាំងការសម្របសម្រួលត្រូវបានទទួលយកទាំងសងខាងយ៉ាងស្ងប់ស្ងាត់ ខណៈនាយចឺម ក៏មិនចង់មានរឿងបន្តទៅថ្ងៃមុខ។ មានការលើកឡើងដែរថាសមាសភាព ជនបង្ក ង៉ែត លីទី ពិតជាមិនធម្មតាមែនដែលអាចជួយឲ្យជនបង្កដែលគេស្គាល់ថាជនមានមុខមាត់ មានក្រុមហ៊ុនផ្នែកអចនលទ្រព្យ និងទីលានបាល់ទាត់នៅខេត្តប៉ៃលិន គេចផុតពីបទចោទលួងលោម សំឡុតគំរាម និងប៉ុនប៉ងមនុស្សឃាតដោយចេតនាបាន។
គួររំលឹកផងដែរថា កាលពីវេលាទៀបភ្លឺ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មានករណីហិង្សាមួយកើតឡើងនៅចំណុចហាងម៉ាស្សាមួយកន្លែង ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បង្កឡើងដោយ ឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ ជាអតីតកីឡាបាល់ទាត់នៅក្លឹបបឹងកេត រស់នៅភូមិកើតហេតុខាងលើ បានយកឈឺប្រវែង០,៥ម៉ែត្រ វាយទៅលើយុវជនម្នាក់ឈ្មោះ សុខ មេសា (ហៅនាយចឺម) ជាតារាចម្រៀង រស់នៅភូមិត្រាចកោះ ឃុំមហាឫស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ បណ្តាលឲ្យមានរងរបួសត្រង់កំភួនដៃទាំងសងខាង និងបែកក្បាលចំនួន៥ថ្នេរ (ធ្ងន់ធ្ងរ) ព្រមទាំងបែកទូរស័ព្ទ ម៉ាកអាយហ្វូនអិច មួយគ្រឿង(ខូចទាំងស្រុង) ដែលគេសង្ស័យថា ករណីប្រច័ណ្ឌ(ដណ្តើមស្រីស្នេហ៍)។បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តប៉ៃលិនផងដែរ៕ ដោយ វឌ្ឍនា