ករណីនាយចឺមបញ្ចប់ក្រៅរបងតុលាការ?

ចែករំលែក៖

ប៉ែសិន៖ ករណីនាយចឺម ត្រូវបុរសម្នាក់ជាអតីតកីឡាករបាល់ទាត់វាយនឹងឈើជ្រុងដេរក្បាល៥ថ្នេរដោយចោទ ថាផ្ញើសារញ៉ែសង្សារគេ ដែលធ្វើឲ្យផ្អើលពេញផ្ទៃប្រទេសនោះ ទំនងជាបញ្ចប់ក្រៅរបងតុលាការហើយ។ បញ្ចប់ក្រោយពីគេលេចលឺដំណឹងថានាយចឺមសម្រេចទទួលយកការសម្របសម្រួលពីភាគីបង្ក និងមិនចង់មានរឿងទៅថ្ងៃមុខ។ 

តើ​ករណី​អំពើ​ហិង្សា វាយប្រហារ និង​គំរាម​សម្លាប់ របស់​ជនសង្ស័យ​ ឈ្មោះ ង៉ែត លី​ទី ​នៅ​ចំណុច​បុរី​ម្គុ​ដ​ពេជ្រ ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ត្រូវបាន លោក តាន់ គីម​ហៀក ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​ចេញ​ដីកា​លេខ​៥៨៤ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ ​ឈ្មោះ ង៉ែត លី​ទី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ពីបទ​«​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​» រយៈ​ពេល​៤​ខែ ចាប់ពី​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២០ នៅ​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ក្នុង​ភូមិ​បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ។​

ទោះជាមានការឃុំខ្លួនប៉ុន្តែករណីនេះត្រូវបានគេទម្លាយថាមានការសម្របសម្រួលក្រៅប្រព័ន្ធតុលាការហើយដើម្បីបញ្ចប់រឿង ហើយនាយចឺមក៏ទទួលយកការសម្របសម្រួលនេះផងដែរ។នៅមិនទាន់ស្វែងរកការបញ្ជាក់បន្ថែមពីនាយចឺមបាននៅឡើយទេប៉ុន្តែបើយោង ប្រភពពីអ្នកស្និទ្ធនឹងតារារូបនេះលើកឡើងថាមានការអន្តរាគមពីមន្ត្រីមានមុខមាត់មួយចំនួនដែលគេដឹងថាជាសាច់ញាតិជនបង្ក ពិសេសពូបង្កើតរបស់ជនបង្កគឺជាមន្ត្រីធំមួយនៅក្រុងប៉ៃលិនតែម្តង។

មានការលើកឡើងដែរថា​សំណងក្រៅផ្លូវការ រួមទាំងការសម្របសម្រួលត្រូវបានទទួលយកទាំងសងខាងយ៉ាងស្ងប់ស្ងាត់ ខណៈនាយចឺម ក៏មិនចង់មានរឿងបន្តទៅថ្ងៃមុខ។ មានការលើកឡើងដែរថាសមាសភាព ជនបង្ក​ ង៉ែត លីទី ពិតជាមិនធម្មតាមែនដែលអាចជួយឲ្យជនបង្កដែលគេស្គាល់ថាជនមានមុខមាត់ មានក្រុមហ៊ុនផ្នែកអចនលទ្រព្យ និងទីលានបាល់ទាត់នៅខេត្តប៉ៃលិន គេចផុតពីបទចោទលួងលោម សំឡុតគំរាម និងប៉ុនប៉ងមនុស្សឃាតដោយចេតនាបាន។

គួរ​រំលឹក​ផង​ដែរ​ថា​ កាលពី​វេលា​ទៀបភ្លឺ ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៩ មាន​ករណី​ហិង្សា​មួយ​កើតឡើង​នៅ​ចំណុច​ហាង​ម៉ាស្សា​មួយកន្លែង ​ស្ថិត​ក្នុង​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ​​បង្ក​ឡើង​ដោយ​ ឈ្មោះ ង៉ែត លី​ទី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​អតីត​កីឡាបាល់ទាត់​នៅ​​ក្លឹប​បឹងកេត រស់​នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​យក​ឈឺ​ប្រវែង​០,៥​ម៉ែត្រ វាយ​ទៅលើ​យុវជន​ម្នាក់​ឈ្មោះ សុខ មេសា (​ហៅ​នាយ​ចឺម​) ជា​តារា​ចម្រៀង រស់នៅ​ភូមិ​ត្រាច​កោះ ឃុំ​មហា​ឫស្សី ស្រុក​គង​ពីសី ខេត្ត​កំពង់ស្ពឺ បណ្តាល​ឲ្យ​មាន​រង​រ​បួស​ត្រង់​កំភួនដៃ​ទាំងសងខាង និង​បែកក្បាល​ចំនួន​៥​ថ្នេរ (​ធ្ងន់ធ្ងរ​) ព្រមទាំង​បែក​ទូរស័ព្ទ ម៉ាក​អាយ​ហ្វូ​ន​អិ​ច មួយគ្រឿង​(​ខូច​ទាំងស្រុង​) ដែល​គេ​សង្ស័យថា ករណី​ប្រច័ណ្ឌ​(​ដណ្តើម​ស្រី​ស្នេហ៍)។បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​ផង​ដែរ៕  ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print