ពៅ ពិសិដ្ឋ ចាត់ទុកឆ្នាំ២០១៩ ជាឆ្នាំល្អសម្រាប់អាជីពសិល្បៈរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង ពៅ ពិសិដ្ឋ បានផ្តើមការងារសិល្បៈជាមួយបងស្រីកញ្ញា ពៅ លីដា អស់ជាច្រើនឆ្នាំមកហើយ។ ទាំងរូបរាងស្រស់សង្ហា​ និងទេពកោសល្យសិល្បៈមានស្រាប់និងឆ្លងកាត់ការហ្វឹកហាត់បន្ថែមបានធ្វើឲ្យតារាសម្តែងរូបនេះក្តាប់បានឱកាសជាបន្តបន្ទាប់ ហើយឆ្នាំ ២០១៩ នេះបានធ្វើឲ្យតារាប្រុសរូបនេះលេចមុខមាត់កាន់តែខ្លាំងជាមួយស្នាដៃធំៗមួយចំនួន។ 

ការងារសម្រុកខ្លាំងរហូតរកពេលសម្រាកគ្មាន ជាអ្វីដែលធ្វើឲ្យតារាសម្តែងរូបនេះមានការពេញចិត្តជាខ្លាំងនិងឆ្លុះបញ្ចាំងពីភាពជោគជ័យលើការងារសិល្បៈ រហូតលោកពៅ ពិសិដ្ឋ បានចាត់ទុកថាឆ្នាំ២០១៩នេះគឺជាឆ្នាំមាសថែមទៀតផង។ តារាសម្តែងរូបនេះបញ្ជាក់ថា លោកទើបនឹងបញ្ចប់ការថតភាពយន្តជាច្រើនដែលសុទ្ធសឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ដូចជារឿង”ភិរយាឥតខាន់ស្លា” រឿង”សម្ពាយបុណ្យ” និងរឿង “បេះដូងខ្វះកម្តៅ” ដែលលោកបានសម្តែងជាតួឯក។ លោកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំដែលលោកប្រឡូកក្នុងអាជីពសិល្បៈគឺមានភាពយន្តមិនក្រោម១៥រឿងទេដែលលោកបានចូលរួមសម្តែង ហើយឆ្នាំ២០១៩​នេះគឺជាឆ្នាំដែលលោកទទួលការងារច្រើនខ្លាំងមិននឹកស្មានដល់។ លោកថាពេលនេះលោកបាននិងកំពុងថតភាពយន្តខ្នាតធំថ្មីរបស់ផលិតករល្បីឈ្មោះអ្នកស្រីពាន់ ភួងបុប្ផា គឺរឿង”ពេលម៉ែចាស់ទៅ” ដែលនឹងចាក់បញ្ចាំងជាផ្លូវការក្នុងអំឡុងខែឧសភា ឆ្នាំ ២០២០ ។ ក្រៅពីភាពយន្តលោកក៏ទទួលបានការថតសម្តែងក្នុងបទចម្រៀងមួយចំនួន រួមទាំងភាពយន្តអប់រំខ្លីៗ និងឈុតផ្សព្វផ្សាយពាណិជ្ជកម្មតូចធំជាបន្តបន្ទាប់។ លោកថាទោះហត់នឿយច្រើនប៉ុន្តែលោកនៅតែសប្បាយចិត្តដែលការខិតខំប្រឹងប្រែងបំពេញក្នុងការងារសិល្បៈទទួលបានផ្លែផ្កាពីការខិតខំប្រឹងប្រែងកន្លងមក។ 

ក្រៅពីការងារសិល្បៈលោកក៏មានមុខរបរថ្មីបន្ថែមគឺការងារលើផ្នែកអចលទ្រព្យជាមួយគ្រួសារ ហើយលោកក៏មានគម្រោងបើកហាងលក់សម្លៀកបំពាក់មួយដែលខ្លួនស្រលាញ់នៅថ្ងៃខាងមុខផងដែរ។ នៅដើមឆ្នាំ ២០២០នេះលោកក៏ទទួលបានគម្រោងការងារសិល្បៈជាច្រើនបន្ថែមទៀតដែលលោក រំពឹងដែរថានឹងថ្មីប្លែកហើយទទួលបានការគាំទ្រកាន់តែច្រើនពីទស្សនិកជន៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print