កន្លងមក អាមេរិកបានប្រើប្រាស់ អឺរ៉ុបដូចជាឈ្នាន់ ដើម្បីអាមេរិក រក្សា និងពង្រីកអំណាចរបស់ខ្លួន ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះអឺរ៉ុប បានធុនទាន់នឹងអាមេរិក ដែលចេះតែបង្ខំឲ្យ អឺរ៉ុបធ្វើនេះធ្វើនោះ ទៅតាមការចង់បានរបស់អាមេរិក។ផ្ទុយទៅវិញ អាមេរិក មិនបានផ្តល់ផលប្រយោជន៍ដល់ អឺរ៉ុបនោះឡើយសូម្បីតែបន្តិច ។ ជាក់ស្តែងអាមេរិកបានរារាំង គម្រោងបំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលមានសារសំខាន់សម្រាប់ផ្តល់ឧស្ម័នដល់តំបន់អឺរ៉ុប។ ក្រៅពីនេះអាមេរិក ក៏បានរារាំង ក្រុមហ៊ុនហួវាយរបស់ចិន តែស្នើរឲ្យប្រើរបស់អាមេរិកវិញ។
ពាក់ព័ន្ធនិងទំនាក់ទំនង រវាងចិននិងអឺរ៉ុប រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី បានលើកឡើងថា ចិន និងអឺរ៉ុបមិនមែនជាសត្រូវ ហើយក៏មិនត្រូវប្រជែងគ្នានោះដែរ។ទីក្រុងប៉េកាំងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប ដើម្បីពង្រឹងទំនាក់ទំនង និងធានាស្ថេរភាពសកលលោក ខណៈចិន និងសហភាពអឺរ៉ុបមិនមែនជាសត្រូវ ហើយក៏មិនត្រូវទៅប្រជែងដាក់គ្នានោះដែរ។
រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិនលោក វ៉ាង យី ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយ នៅលើគេហទំព័រផ្លូវការនៃក្រសួងការបរទេស។ លោក វ៉ាង បានគូសបញ្ជាក់ដូច្នេះថា «ប្រទេសចិន និងសហភាពអឺរ៉ុបគឺជាដៃគូនឹងគ្នា ហើយយើងក៏ជាមិត្ត ហើយក៏មិនមែនជាសត្រូវនឹងគ្នានោះដែរ។ នៅឆ្នាំក្រោយគឺជាខួបលើកទី ៤៥ នៃខួបអនុស្សាវរីយនៃទំនាក់ទំនងចិន និងសហភាពអឺរ៉ុប… ដូច្នេះចិនបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប ដើម្បីពង្រឹងទំនាក់ទំនង និងធានាស្ថេរភាពសកលលោក»។
គួរបញ្ជាក់ថា បើតាមលោក វ៉ាង យី ប្រទេសចិន និងសហភាពអឺរ៉ុប អាចផ្ដល់ស្ថេរភាពបន្ថែមដល់ពិភពលោកទាំងមូល បើសិនជាភាគីទាំងធ្វើការងាររួមគ្នា ហើយឆ្នាំ២០១៩នេះ គឺជាឆ្នាំដែលបានផ្ដល់លទ្ធផលផ្លែផ្កាសម្រាប់ទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុប ជាពិសេសនៅក្រោយការបញ្ចប់ទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅអឺរ៉ុប។ ការលើកឡើងរបស់ចិននេះ គឺមិនមែនជាលើកទី ១ នោះឡើយ ខណៈសហរដ្ឋអាមេរិកកំពុងមានទំនាក់ទំនងប្រេះស្រាំ លើផ្នែកមួយចំនួនជាមួយអឺរ៉ុប ជាពិសេសការដំឡើងពន្ធលើទំនិញដាក់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការក្នុងអង្គការ NATO ជាដើម។
ជាមួយគ្នានេះដែរ អឺរ៉ុបនិងអល្លឺម៉ង បានថ្កោលទោសយ៉ាងខ្លាំងដល់អាមេរិកដែលបាន រារាំង គម្រោងបំពង់បង្ហូរឧស្ម័ន ពីរុស្ស៊ីចូលអឺរ៉ុប ។ រដ្ឋាភិបាលអាល្លឺម៉ង់ និងសហភាពអឺរ៉ុប បានចេញប្រតិកម្មបន្តបន្ទាប់គ្នា ថ្កោលទោសទៅលើរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានសម្រេចដាក់ទណ្ឌកម្មមលើក្រុមហ៊ុនទាំងអស់ ដែលចូលរួម នៅក្នុងគម្រោងសាងសង់បំពង់បង្ហូរឧស្ម័នNord Stream 2។ សម្រាប់អាល្លឺម៉ង់ ក៏ដូចជាសហភាពអឺរ៉ុប ទណ្ឌកម្មរបស់អាមេរិកនេះ គឺជារឿងមួយមិនអាចទទួលយកបានជាដាច់ខាត ព្រោះវាជាការប្រើទណ្ឌកម្មអាមេរិក មកលើក្រុមហ៊ុនអឺរ៉ុប ដែលរកស៊ីដោយត្រឹមស្រូវស្របច្បាប់ នៅអឺរ៉ុប ។
រដ្ឋាភិបាលអាមេរិក តាមរយៈច្បាប់ថវិកានិងសន្តិសុខជាតិឆ្នាំ២០២០ បានសម្រេចថានឹងដាក់ទណ្ឌកម្ម លើក្រុមហ៊ុនទាំងអស់ ដែលចូលរួមក្នុងគម្រោងនេះ។ ក្នុងរយៈពេល៦០ថ្ងៃទៀត រដ្ឋាភិបាលអាមេរិក និងបញ្ចេញតារាងឈ្មោះ ក្រុមហ៊ុនដែលអាចជាប់ទណ្ឌកម្ម។
ក្នុងនាមជាអ្នកទទួលផលក្នុងគម្រោងនេះធំជាងគេ រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈអ្នកនាំពាក្យខ្លួន បានមានប្រតិកម្មធ្ងន់ៗថា ទណ្ឌកម្មក្រៅដែនអធិបតេយ្យរបស់អាមេរិក គឺជារឿងហួសហេតុ មិនអាចទទួលយកបានទេ ព្រោះទណ្ឌកម្មនេះ វានឹងប៉ះពាល់មកលើក្រុមហ៊ុនអាល្លឺម៉ង់ ឬក្រុមហ៊ុនអឺរ៉ុបផ្សេងទៀត ដែលរកស៊ី ដោយត្រឹមត្រូវស្របច្បាប់នៅអឺរ៉ុប។ ដូចគ្នាដែរ អ្នកនាំពាក្យសហភាពអឺរ៉ុប បានបដិសេធចោល ចំពោះទណ្ឌកម្ម របស់រដ្ឋាភិបាលលោកដូណាល់ ត្រាំ មកលើក្រុមហ៊ុនអឺរ៉ុប។
សូមរំលឹកថា គម្រោងសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream 2 នេះ គឺធ្វើឡើង ដើម្បីបង្ហូរឧស្ម័នហ្កាសពីរុស្ស៊ី ចូលទៅកាន់ទ្វីបអឺរ៉ុប តាមរយៈសមុទ្រខាងជើង។ គម្រោងសាងសង់ ដែលមានតម្លៃប្រមាណជា១ម៉ឺន លានអឺរ៉ូនេះ គឺជាការសហការគ្នា ពាក់កណ្តាលពីក្រុមហ៊ុន GazProm របស់រុស្ស៊ី ហើយពាក់កណ្តាល ទៀត ជាការចូលគ្នារវាងក្រុមហ៊ុនថាមពលអឺរ៉ុបជាច្រើនប្រទេស (OMV Wintershall Uniper Shell Engie)។ បច្ចុប្បន្នការសាងសង់បានសម្រេចរួចរាល់ ជាង៨០%ហើយ ហើយតាមការគ្រោងទុក ការបង្ហូរឧស្ម័ន នឹងចាប់ផ្តើមដំណើរការ នៅដើមឆ្នាំ២០២០។
ក៏ប៉ុន្តែ ក្រោយការប្រកាស ដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលអាមេរិក ក្រុមហ៊ុនAllseas របស់ស្វីស ដែលជាក្រុមហ៊ុនទទួលបន្ទុកសាងសង់ តភ្ជាប់បំពង់បង្ហូរឧស្ម័នបាតសមុទ្រ នៅក្នុងគម្រោងនេះ បានសម្រេចចិត្តព្យួរការដ្ឋានរបស់ខ្លួន ដោយបានលើកឡើងថា កំពុងរងចាំការជូនព័ត៌មានលំអិត ពីរដ្ឋាភិបាលអាមេរិក ទាក់ ទិននឹងទណ្ឌកម្ម។
គួរកត់សំគាល់ថា អាមេរិកតែងតែងសម្តែងការប្រឆាំងនឹងគម្រោង Nord Stream 2 ដោយលើកឡើងថា អឺរ៉ុបនឹងក្លាយជាចំណាប់ខ្មាំងថាពលរបស់រុស្ស៊ី។ អាមេរិកអះអាងថា គោលជំហរខ្លួន គឺការពារអ៊ុយក្រែន ដែលជាអ្នកខាតធំ ព្រោះអ៊ុយក្រែននឹងបាត់បង់ចំណូល ពីការឆ្លងកាត់បំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី។ តែយ៉ាង ណា លោកស្រី Ulrike Demmer អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានលើកឡើងថា រុស្ស៊ី និងអ៊ុយក្រែន ទើប តែបានចុះហត្ថលេខាលើអនុសារណៈមួយ ដើម្បីកំណត់ពីថ្លៃឈ្នួល នៃការឆ្លងកាត់បំពង់បង្ហូរឧស្ម័នរុស្ស៊ី ដែលកាត់ដីអ៊ុយក្រែន ចាប់ពីឆ្នាំ២០២០ទៅ។ ដូច្នេះ រដ្ឋាភិបាលអាមេរិក គ្មានហេតុផលអ្វី ចង់មកលូកដៃ រារាំងគម្រោង Nord Stream 2 នេះ ដោយយកលេសថាដើម្បីការពារផលប្រយោជន៍អ៊ុយក្រែនបានឡើយ ៕