បញ្ហាអាកាសធាតុ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រទេសក្រីក្រមួយនេះ ដោយក្នុងរដូវក្តៅ គឺក្តៅខ្លាំង សម្លាប់មនុស្សជាច្រើន ហើយ រដូវត្រជាក់ក៏ត្រជាក់ខ្លាំង សម្លាប់មនុស្ស រាប់សិបនាក់ ។
តាមរបាយការណ៍ពីមន្ត្រីគ្រប់គ្រងគ្រោះធម្មជាតិ នៅចុងឆ្នាំ២០១៩នេះសីតណ្ហភាព ក្នុងប្រទេសបង់ក្លាដែសធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ គឺធ្លាក់រហូតដល់៤សង្សាសេ ក្នុងតំបន់មួយចំនួនស្ថិតនៅ ភាគខាងជើង។គិតមកដល់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា លោកស្រី Ayesha Akhter មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបង់ក្លាដែសបានបញ្ជាក់ថា យ៉ាងតិចមនុស្ស១៧នាក់បានបាត់បង់ជីវិតទាក់ទងជំងឺខាងផ្លូវខ្យល់ដង្ហើម និង៣៣នាក់ទៀតបានស្លាប់ដោយសារជំងឺរាគរូស និងជំងឺផ្សេងទៀតនៅទូទាំងប្រទេស គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ។
ប្រភពបានបញ្ជាក់ថា មន្ទីរពេទ្យនៅក្នុងតំបន់ពោរពេញទៅដោយអ្នកជំងឺ ភាគច្រើនគឺអ្នកជំងឺទាក់ទងជាមួយអាកាសធាតុត្រជាក់, ដូចជាជំងឺផ្តាសាយ, ជំងឺខះជាតិទឹក និងជំងឺរលាកសួតជាដើម ។
អ្នកទាំងឡាយដែលមានប្រាក់ចំណូលទាប ដូចជាកម្មករជាដើម កំពុងប្រឈមធ្ងន់ធ្ងរជាមួយអាកាសធាតុត្រជាក់ខ្លាំងនេះ ដោយសារតែពួកគេខ្វះសម្លៀកបំពាក់គ្រប់គ្រាន់ ។ កុមារ និងមនុស្សវ័យចាស់ ក៏កំពុងងាយនឹងទទួលរងនូវជំងឺរលាកសួតធ្ងន់ធ្ងរផងដែរ ។
ការិយាល័យអាកាសធាតុបានប្រកាសថា អាកាសធាតុធ្លាក់ត្រជាក់ អមទៅដោយខ្យល់បក់ខ្លាំង និងចុះអ័ព្ទផងនេះ ទំនងជាបន្តអូសបន្លាយពេលពីរបីថ្ងៃបន្ថែមទៀត ។ បញ្ហាអាកាសធាតុធ្លាក់ត្រជាក់នេះហើយ បានបង្ខំឲ្យអាជ្ញាធរអាកាសចរណ៍បង់ក្លាដែស បង្វែរទិសដៅហោះហើររបស់យន្តហោះ ឬពន្យារពេលនៅក្នុងការចេញដំណើរផងដែរ ៕