ខេត្តកណ្ដាលៈ មន្ត្រីឥណទានសាខាគ្រឹះស្ថានមាគាហ្វាយនែន ស្រុកស្អាងម្នាក់ យកលុយអតិថិជនដែលបង់ផ្តាច់ជាង១២លានរៀលយកទៅស៊ីចាយអស់ ដោយមិនប្រគល់ចូលក្នុងគណនេយ្យអង្គភាព ធ្វើឲ្យនាយកសាខាប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនក្នុងករណីរំលោភលើទំនុកចិត្ត ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចគ្រឹះស្ថានមាគាហ្វាយនែន(ម.ក) ស្ថិតក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ធន់ ឧត្តមបញ្ញាសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីឥណទាន មានស្រុកកំណេីតភូមិព្រែកយួន ឃុំកៀនជ្រែ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បច្ចុប្បន្នស្នាក់នៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្តាល។ ចំណែកជនរងគ្រោះឈ្មោះ គង់ សុភា ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ:នាយកសាខាគ្រឹះស្ថានមាគាហ្វាយនែន(ស្អាង) មានទីលំនៅភូមិព្រែក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល។ ចំណែកវត្ថុតាងដកហូតបានមាន៖ សោរលេខ៨mmចំនួន២ដើម ,ដងទូរវីសផ្សាជាប់ប្រដាប់ដោះក្បាលម៉ូសុីចំនួន០ ,សោរតេ(ប្រដាប់កាច់កម៉ូតូ)ចំនួន០២ ,សោរម៉ូតូចំនួន០៣គ្រាប់ ,កូនកាំបិតចិតបន្លែចំនួន០១ ,កាបូបដៃពណ៌ខ្មៅចំនួន០១ ,កាតគ្រីម៉ូតូចំនួន០១ ,កាតអេធីអុីមចំនួន០១ និងកាតាបស្ពាយពណ៌ខ្មៅចំនួន០១ ។
ប្រភពដដែលបន្តថា ជនសង្ស័យខាងលើគឺជាមន្ត្រីឥណទាន នៃសាខាគ្រឹះស្ថានមាគាហ្វាយនែន(ម.ក)ស្រុកស្អាង នៅថ្ងៃកើតហេតុជនសង្ស័យបានទៅយកលុយអតិថិជនដែលបង់ផ្ដាច់ចំនួន១២លានរៀល ខណៈដែលជនសង្ស័យយកបានហើយ ក៏យកលុយនោះទៅខេត្តកំពង់ចាមបាត់ ដោយមិនបញ្ចូលក្នុងគណនេយ្យរបស់អង្គភាពទេ ។ លុះមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ភាគីខាងរងគ្រោះ បានឃើញជនសង្ស័យកំពុងដេីរប្រមូលលុយពីអតិថិជនទៀត ក៏តេប្រាប់សមត្ថកិច្ចប៉ុស្តិនគរបាលកំពង់កុង នាំជនសង្ស័យមកធ្វេីការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រមូលលុយពីអតិថិជនដែលបង់ឲ្យខ្លួនប្រហែល១២លានរៀល ពិតប្រាកដមែនហេីយលុយនោះខ្លួនបានយកទៅផឹកសុីនិងចូលខារាអូខេអស់។
បន្ទាប់មក សមត្ថកិច្ចបានបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
...