មន្ត្រីចិនបានប្រកាសថា មនុស្សយ៉ាងតិច១៤នាក់បានបាត់បង់ជីវិត និង៣១នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីហេតុការណ៍ភ្លើងឆេះរថយន្តនៅលើផ្លូវសាធារណៈស្ថិតនៅភាគខាងជើងប្រទេសចិន កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦។
ប្រភពបន្តថា រថយន្តក្រុងត្រូវអណ្តាតភ្លើងឆាបឆេះភ្លាមៗ ខណៈស្ថិតនៅជិតទីលាន Yinchuan រដ្ឋធានីដែលនៅដាច់ស្រយាលក្នុងតំបន់ Ningxia ។
ប៉ូលិសនៅក្នុងតំបន់បានបញ្ជាក់ថា មូលហេតុបណ្តាលឲ្យហេតុការណ៍កើតឡើងបាននិងកំពុងស៊ើបអង្កេត ។ ជាមួយគ្នានេះដែរ មនុស្ស៣១នាក់បាននិងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។
ហេតុការណ៍គ្រោះថ្នាក់តាមផ្លូវគោកជានិច្ចកាលតែងតែកើតឡើងជារឿងធម្មតានៅក្នុងប្រទេសចិន ដែលគេស្គាល់ថា ជាប្រទេសស្ថិតនៅមានកម្រិតស្តីអំពីស្តង់ដាប្រព័ន្ធសុវត្ថិភាពចរាចរណ៍នោះ ។
របាយការណ៍ផ្សព្វផ្សាយជាទូទៅនៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិនបានឲ្យដឹងថា កាលពីឆ្នាំ២០១៣ បុរសម្នាក់បានដុតសម្លាប់ខ្លួនឯងនៅលើរថយន្តក្រុងមួយគ្រឿងស្ថិតនៅភាគខាងកើតប្រទេសចិនបណ្តាលឲ្យស្លាប់មនុស្ស៤៧នាក់ ។ ហេតុការណ៍នោះបានក្លាយជាព្រឹត្តិការណ៍ដ៏អាក្រក់ជាងគេបំផុតនៅក្នុងគ្រោះថ្នាក់ស្តីអំពីការចរាចរណ៍នៅលើដងផ្លូវសាធារណៈក្នុងប្រទេសចិន ៕
ប្រែសម្រួល៖ ថាច់ យ៉ាត