ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥មករា ២០១៦ នេះ សម្ដេច តេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវស្ពានអាកាសទី៤ ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានដាក់ឈ្មោះថា “ស្ពានអាកាស៥មករា” ។
ស្ពានអាកាស៥មករានេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលបានចំណាយ ពេលសាងសង់ ១៦ខែ លើគម្រោងថវិកាប្រមាណជាង ១៤លានដុល្លារអាមេរិក។ ស្ពានអាកាស នេះមាន ប្រវែង ៣៨២ម៉ែត្រ ទទឹង ១៥.៨ម៉ែត្រ និង ផ្លូវក្រោមដីមានប្រវែង ៣៥៦ម៉ែត្រ ទទឹងពី ៦ ទៅ ៨ម៉ែត្រ ផ្លូវអមស្ពានប្រវែងសរុប ៨២៥ម៉ែត្រ ទទឹង ៥.៥ ម៉ែត្រ ស្ថិតនៅប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីគីមអ៊ីលស៊ុង និងមហាវិថីម៉ៅសេទុង ត្រង់ប្រសព្វគ្នាចំណុចភ្លើងស្តុបតិចណូ។ សូមប្រជាពលរដ្ឋបើកបរមានការប្រុងប្រយ័ត្ន និងយោគយល់អធ្យាស្រ័យ ដល់គ្នាទៅវិញទៅមកដើម្បីសុវត្ថិភាពទាំងអស់គ្នា។
ចំពោះការអនុវត្តន៍ច្បាប់ចរាចរណ៍ថ្មី និងសំណូមពរប្រជាពលរដ្ឋមួយចំនួន សម្តេចតេជោ ហ៊ុន សែន បានមានដំណោះស្រាយមួយចំនួនដូចជា:-
១-ហាមនាំចូលរថយន្តចង្កូតស្តាំដាច់ខាតចាប់ពីថ្ងៃនេះ។ រាជរដ្ឋាភិបាលបានអនុញ្ញាតិអោយម្ចាស់ឡានចង្កូតស្តាំដែលមានស្រាប់ ត្រូវចូលទៅបង់ពន្ឋធម្មតា ហើយមិនចាំបាច់កែរចង្កូតឡើយ។
២-ចំពោះប័ណ្ណបើកបរម៉ូតូខ្នាតតូច ដែលពីមុនត្រូវបង់ថ្លៃ ៦០,០០០សម្រាប់ការប្រឡង និង ១៤,០០០ ថ្លៃពិនិត្យសុខភាព តែពេលនេះបានបញ្ចុះមកនៅត្រឹម ២៥,០០០ រៀល ដោយមិនចាំបាច់ប្រឡងយកប័ណ្ណបើកបរ និងពិនិត្យសុខភាពឡើយ។ រីឯម៉ូតូខ្នាតធំគឺពីមុនថ្លៃ ៦០,០០០ រៀល តែពេលនេះចុះមកត្រឹម ៤០,០០០ រៀលវិញ។ ចំពោះការប្តូរប័ណ្ណបើកបរ គឺពីមុន ២៥,០០០រៀល ចុះមកនៅត្រឹម ២០,០០០ រៀលវិញ។ ចំពោះការបញ្ចុះតម្លៃលើប័ណ្ណបើកបររថយន្តគឺក្រសួងពាក់ព័ន្ឋនឹងដោះស្រាយជាបន្តបន្តបន្ទាប់ថែមទៀត។
៣-ចំពោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ដែលចេញចូលត្រូវបង់ថវិការហូតនោះ គឺមិនអោយបង់តទៅទៀតឡើយ ចាប់ពីថ្ងៃទី ៧មករា ២០១៦ នេះតទៅ ។
៤-គម្រោងសាងសង់បន្តបន្ទាប់ដូចជា គំរោងសាងស្ពាន និងផ្លូវបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ ដែក្នុងនោះរួមមាន (១-កសាងផ្លូវបត់កោង និងផ្លូវក្រោមដីនៅចំណុចស្ពានអាកាសក្បាលថ្នល់ ២ -កសាងផ្លូវក្រោមដី នៅផ្លូវសហព័ន្ឋរុសី្សត្រង់ចំនុចស្តុប បេកាសេ ៣-សាងសង់ស្ពានអាកាស នៅចំនុចស្តុបផ្សារដីហុយត្រង់ផ្លូវសហព័ន្ឋរុស្សី និងផ្លូវហាណូយ និង -៤ ផ្លូវល្បឿនលឿន (Express Way) ១ខ្សែពីរាជធានីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបបញ្ចៀសការកកស្ទះចរាចរណ៍។
សម្តេចតេជោ ហ៊ុន សែន នឹងបន្តខិតខំកសាងសមិទ្ឋផលជាតិជាច្រើនថែមទៀត ដើម្បីប្រជាពលរដ្ឋបានប្រើប្រាស់ និងសម្រួលក្នុងការធ្វើដំណើរ ប្រកបការងារអាជីវកម្មផ្សេងៗ ក្នុងការលើកស្ទួយជីវិតរស់នៅ ប្រចាំថ្ងៃឲ្យកាន់តែប្រសើរឡើង។
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានអញ្ជើញកាត់ខ្សែបូរសម្ពោធ ដាក់អោយប្រើប្រាស់ស្ពានអាកាស ៥ មករា នៅថ្ងៃទី ៥ មករា ឆ្នាំ ២០១៦ តទៅប្រកបដោយបរិយាកាសរីករាយក្រៃលែង៕