ពូទីន អាចទប់ស្កាត់សង្គ្រាមទ្រង់ទ្រាយធំ រវាងអាមេ៉រិកនឹងអ៊ីរ៉ង់​បាន?

ចែករំលែក៖

អ្នកឯកទេសវិភាគអាមេ៉រិក លោក​ស្រី Barbara Slavin​បានបញ្ជាក់ថា មានតែប្រធានាធិបតីរុស្ស៊ី លោក ពូទីន ប៉ុណ្ណោះទើបអាចទប់ស្កាត់សង្គ្រាម ទ្រង់ទ្រាយធំរវាង អាមេ៉រិកនឹងអីុរ៉ង់​បាន។

តាមការលើកឡើងរបស់លោកស្រីBarbara Slavin ការវាយប្រហារសម្លាប់មេទ័ពអីុរ៉ង់ គឺ​មិនអាចធ្វើឲ្យអីុរ៉ង់បាត់បង់ឥទ្ធិពលនៅក្នុងតំបន់ឡើយ ផ្ទុយទៅវិញធ្វើឲ្យអីុរ៉ង់កាន់តែ​មានតួនាទីសំខាន់នៅតំបន់មជ្ឈិមបូព៌ា ។  នៅពេលនេះអាមេ៉រិក អាច​ត្រូវគេបង្ខំឲ្យចាកចេញពីអីុរ៉ាក់ ​ដោយសារការសម្លាប់មេទ័ពអីុរ៉ង់នៅលើទឹកដីអីុរ៉ាក់​គឺ ជាការបំពាន​កិច្ចព្រមព្រៀងរបស់អាមេ៉រិក​ដែលថា វត្តមានទាហានអាមេ៉រិកនៅក្នុងប្រទេសអីុរ៉ាក់បានត្រឹមតែ ធ្វើសង្គ្រាមប្រឆាំងភេរវកម្មតែប៉ុណ្ណោះ មិនប្រឆាំងប្រទេសផ្សេងនោះឡើយ។

តាមការលើកឡើងរបស់ លោកស្រីBarbara Slavin ​សង្គ្រាមទ្រង់ទ្រាយធំ​អាចកើតឡើង រវាងអាមេ៉រិក នឹងអីុរ៉ង់ អាស្រ័យទៅលើប្រតិកម្ម​សងសឹករបស់អីុរ៉ង់ទៅលើកម្លាំងទាហានអាមេ៉រិក ។ លោកស្រីបានលើកឡើងទៀតថា មេដឹកនាំតែមួយគត់នៅលើពិភពលោកដែលអាច​ទប់ស្កាត់ ផ្សះផ្សា​​​​ អាមេ៉រិកអីុរ៉ង់បាន មានតែប្រធានាធិបតីរុស្ស៊ី លោកពូទីនតែប៉ុណ្ណោះ​។ ប៉ុន្តែរុស្ស៊ីនិងចិន កំពុងតែទទួលបានផលប្រយោជន៍ជាច្រើន ​ពីសកម្មភាពរបស់អាមេ៉រិក ​នៅមជ្ឈិមបូព៌ាធ្វើឲ្យតួនាទីរបស់រុស្ស៊ី​និងចិន កាន់តែមានសារៈសំខាន់​។

លោកស្រីបានបញ្ជាក់ថា អីុរ៉ង់​មានដៃគូជាច្រើន​អាចជួយកំណត់គោលដៅក្នុងការវាយប្រហារ  ពិសេសគឺក្រុម​ Hezbollah  នៅក្នុងប្រទេសលីបង់​ និងក្រុមផ្សេងៗទៀតជាច្រើន នៅតំបន់មជ្ឈិមបូព៌ា​។ អីុរ៉ង់អាចវាយប្រហារទៅលើទីតាំងរបស់អាមេ៉រិក ឬសម្ពន្ធមិត្តអាមេ៉រិក គ្រប់ពេលវេលា​។ នៅពេលនេះអីុរ៉ង់ បានកំណត់គោលដៅ​អាមេ៉រិករាប់សិបកន្លែង ត្រៀមវាយប្រហារ ។ ចំណែកអាមេ៉រិកវិញបានបង្ហាញពីគោលដៅ៥២កន្លែងរបស់អីុរ៉ង់ នឹងរងការវាយប្រហារប្រសិនបើអីុរ៉ង់ សងសឹកអាមេ៉រិកនោះ ។

ពាក់ព័ន្ធវត្តមានរបស់អាមេ៉រិកនៅអីុរ៉ាក់វិញ ជាក់ស្តែងកាលពីថ្ងៃទី​៥ខែមករា​ សភាអីុរ៉ាក់ បានបោះឆ្នោតអនុម័តបណ្តេញកងទ័ពបរទេស​ទាំងអស់ចេញពីដែនអធិបតេយ្យ​របស់អីុរ៉ាក់ ក្រោយ​ពីសកម្មភាពរបស់អាមេ៉រិកដ៏គឃ្លើន​វាយប្រហារ​សម្លាប់​មេបញ្ជាការ​កងទ័ពអីុរ៉ង់​មួយរូប​ ហើយដែលគេគិតថា បានរំលោភបំពានលើដែនអធិបតេយ្យ​អីុរ៉ាក់​យ៉ាងធ្ងន់ធ្ងរនោះ ។ លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៦ ខែមករា បានថ្លែងថា នឹងមិនចាកចេញពីអីុរ៉ាក់​ជាដាក់ខាត រហូតទាល់តែ​រដ្ឋាភិបាល​អីុរ៉ាក់សងថ្លៃកសាងបន្ទាយជើងអាកាស​​​ដែលមានតម្លៃ​យ៉ាងច្រើននោះ​មកឲ្យអាមេ៉រិកជាមុនសិន ។ លោក ដូណាល់ ត្រាំ ក៏បានគំរាមដាក់ទណ្ឌកម្ម​អីុរ៉ាក់​ផងដែរទាក់ទងនឹង​ការវិវឌ្ឍចុងក្រោយនេះ ។

ក្រសួងការបរទេស​អាមេ៉រិក​បានប្រកាស​ថា មានការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការបោះឆ្នោតរបស់​សភាអីុរ៉ាក់​ស្តីពីការ​បណ្តេញ​កងទ័ពបរទេស​ចេញពីទឹកដីឈរជើងនៅអីុរ៉ាក់ និងកាត់ផ្តាច់​ទំនាក់ទំនងជាមួយក្រុមចម្រុះប្រឆាំង​ភេរវកម្មអន្តរជាតិ​ដឹកនាំដោយ​សហរដ្ឋអាមេ៉រិកថែមទៀតផង ខណៈភាពតានតឹង​នៅក្នុងតំបន់កំពុងកើនឡើង គឺក្រោយពីការសម្លាប់មេបញ្ជាការ​យោធាអីុរ៉ង់ម្នាក់ និងមេដឹកនាំក្រុមជីវពល​អីុរ៉ាក់​នៅទីក្រុងបាដាដ ។

លោកស្រី Morgan Ortagusអ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេ៉រិក​បានថ្លែងថា «សហរដ្ឋអាមេ៉រិក​មានការខកចិត្ត​ចំពោះសកម្មភាព​ដែលបានធ្វើនៅថ្ងៃនេះ ដោយក្រុមប្រឹក្សា​តំណាងរាស្ត្រ ។ ខណៈដែលយើង​រង់ចាំការបញ្ជាក់បន្ថែមទៀត​លក្ខណៈផ្លូវច្បាប់ និងផលប៉ះពាល់​នៃការសម្រេចចិត្ត​នៅថ្ងៃនេះ, យើងសូមជំរុញ​យ៉ាងខ្លាំងក្លា​ដល់មេដឹកនាំអីុរ៉ាក់​ពិចារណាឡើងវិញ នូវសារៈសំខាន់នៃ​ទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ​ដែលកំពុង​តែកើនឡើង​រវាង​ប្រទេសទាំងពីរ និងបន្ត​​ឲ្យមានវត្តមាន​សម្ពន្ធមិត្តអន្តរជាតិ​ដើម្បីប្រយុទ្ធប្រឆាំង​ក្រុម ISIS»។

លោកស្រី Morgan Ortagusបានបន្តថា «យើងជឿជាក់ថា វាស្ថិតក្នុងផលប្រយោជន៍រួមរបស់សហរដ្ឋអាមេ៉រិក និងអីុរ៉ាក់ ដើម្បីបន្តប្រយុទ្ធប្រឆាំងជាមួយក្រុម ISIS ។ រដ្ឋបាលអាមេ៉រិកនៅតែប្តេជ្ញាចិត្តចំពោះ ប្រទេសអីុរ៉ាក់ដែលមានអធិបតេយ្យភាពមានស្ថិរភាព និងវិបុលភាព»​។

ការបោះឆ្នោតរបស់សភាអីុរ៉ាក់​បានធ្វើឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេ៉រិកទៅលើទីក្រុងបាដាដ ដែលបានសម្លាប់លោក Qasem Soleimani មេបញ្ជាការនៃកងកម្លាំងឃើដ (Quds) នៃក្រុមឆ្មាំបដិវត្តន៍អ៊ិស្លាមអីុរ៉ង់ និងលោក Abu Mahdi Muhandisសមាជិកជាន់ខ្ពស់ នៃកងកម្លាំងចលនា SPMF (Shia Popular Mobilization Forces) ដែលគាំទ្រដោយអីុរ៉ង់ កាលពីថ្ងៃសុក្រទី៣ ខែមករា ឆ្នាំ២០២០ ។

មនុស្សរាប់ម៉ឺននាក់បានធ្វើដំណើរតាមដងផ្លូវ នៅទូទាំងប្រទេសអីុរ៉ាក់ និងអីុរ៉ង់ នៅថ្ងៃទី៤ និងទី៥ ខែមករា ឆ្នាំ២០២០ ដើម្បីកាន់ទុក្ខចំពោះការសម្លាប់​លោក Soleimaniនិង Muhandis៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print