អ្នកឯកទេសវិភាគអាមេ៉រិក លោកស្រី Barbara Slavinបានបញ្ជាក់ថា មានតែប្រធានាធិបតីរុស្ស៊ី លោក ពូទីន ប៉ុណ្ណោះទើបអាចទប់ស្កាត់សង្គ្រាម ទ្រង់ទ្រាយធំរវាង អាមេ៉រិកនឹងអីុរ៉ង់បាន។
តាមការលើកឡើងរបស់លោកស្រីBarbara Slavin ការវាយប្រហារសម្លាប់មេទ័ពអីុរ៉ង់ គឺមិនអាចធ្វើឲ្យអីុរ៉ង់បាត់បង់ឥទ្ធិពលនៅក្នុងតំបន់ឡើយ ផ្ទុយទៅវិញធ្វើឲ្យអីុរ៉ង់កាន់តែមានតួនាទីសំខាន់នៅតំបន់មជ្ឈិមបូព៌ា ។ នៅពេលនេះអាមេ៉រិក អាចត្រូវគេបង្ខំឲ្យចាកចេញពីអីុរ៉ាក់ ដោយសារការសម្លាប់មេទ័ពអីុរ៉ង់នៅលើទឹកដីអីុរ៉ាក់គឺ ជាការបំពានកិច្ចព្រមព្រៀងរបស់អាមេ៉រិកដែលថា វត្តមានទាហានអាមេ៉រិកនៅក្នុងប្រទេសអីុរ៉ាក់បានត្រឹមតែ ធ្វើសង្គ្រាមប្រឆាំងភេរវកម្មតែប៉ុណ្ណោះ មិនប្រឆាំងប្រទេសផ្សេងនោះឡើយ។
តាមការលើកឡើងរបស់ លោកស្រីBarbara Slavin សង្គ្រាមទ្រង់ទ្រាយធំអាចកើតឡើង រវាងអាមេ៉រិក នឹងអីុរ៉ង់ អាស្រ័យទៅលើប្រតិកម្មសងសឹករបស់អីុរ៉ង់ទៅលើកម្លាំងទាហានអាមេ៉រិក ។ លោកស្រីបានលើកឡើងទៀតថា មេដឹកនាំតែមួយគត់នៅលើពិភពលោកដែលអាចទប់ស្កាត់ ផ្សះផ្សា អាមេ៉រិកអីុរ៉ង់បាន មានតែប្រធានាធិបតីរុស្ស៊ី លោកពូទីនតែប៉ុណ្ណោះ។ ប៉ុន្តែរុស្ស៊ីនិងចិន កំពុងតែទទួលបានផលប្រយោជន៍ជាច្រើន ពីសកម្មភាពរបស់អាមេ៉រិក នៅមជ្ឈិមបូព៌ាធ្វើឲ្យតួនាទីរបស់រុស្ស៊ីនិងចិន កាន់តែមានសារៈសំខាន់។
លោកស្រីបានបញ្ជាក់ថា អីុរ៉ង់មានដៃគូជាច្រើនអាចជួយកំណត់គោលដៅក្នុងការវាយប្រហារ ពិសេសគឺក្រុម Hezbollah នៅក្នុងប្រទេសលីបង់ និងក្រុមផ្សេងៗទៀតជាច្រើន នៅតំបន់មជ្ឈិមបូព៌ា។ អីុរ៉ង់អាចវាយប្រហារទៅលើទីតាំងរបស់អាមេ៉រិក ឬសម្ពន្ធមិត្តអាមេ៉រិក គ្រប់ពេលវេលា។ នៅពេលនេះអីុរ៉ង់ បានកំណត់គោលដៅអាមេ៉រិករាប់សិបកន្លែង ត្រៀមវាយប្រហារ ។ ចំណែកអាមេ៉រិកវិញបានបង្ហាញពីគោលដៅ៥២កន្លែងរបស់អីុរ៉ង់ នឹងរងការវាយប្រហារប្រសិនបើអីុរ៉ង់ សងសឹកអាមេ៉រិកនោះ ។
ពាក់ព័ន្ធវត្តមានរបស់អាមេ៉រិកនៅអីុរ៉ាក់វិញ ជាក់ស្តែងកាលពីថ្ងៃទី៥ខែមករា សភាអីុរ៉ាក់ បានបោះឆ្នោតអនុម័តបណ្តេញកងទ័ពបរទេសទាំងអស់ចេញពីដែនអធិបតេយ្យរបស់អីុរ៉ាក់ ក្រោយពីសកម្មភាពរបស់អាមេ៉រិកដ៏គឃ្លើនវាយប្រហារសម្លាប់មេបញ្ជាការកងទ័ពអីុរ៉ង់មួយរូប ហើយដែលគេគិតថា បានរំលោភបំពានលើដែនអធិបតេយ្យអីុរ៉ាក់យ៉ាងធ្ងន់ធ្ងរនោះ ។ លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៦ ខែមករា បានថ្លែងថា នឹងមិនចាកចេញពីអីុរ៉ាក់ជាដាក់ខាត រហូតទាល់តែរដ្ឋាភិបាលអីុរ៉ាក់សងថ្លៃកសាងបន្ទាយជើងអាកាសដែលមានតម្លៃយ៉ាងច្រើននោះមកឲ្យអាមេ៉រិកជាមុនសិន ។ លោក ដូណាល់ ត្រាំ ក៏បានគំរាមដាក់ទណ្ឌកម្មអីុរ៉ាក់ផងដែរទាក់ទងនឹងការវិវឌ្ឍចុងក្រោយនេះ ។
ក្រសួងការបរទេសអាមេ៉រិកបានប្រកាសថា មានការខកចិត្តយ៉ាងខ្លាំងចំពោះការបោះឆ្នោតរបស់សភាអីុរ៉ាក់ស្តីពីការបណ្តេញកងទ័ពបរទេសចេញពីទឹកដីឈរជើងនៅអីុរ៉ាក់ និងកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមចម្រុះប្រឆាំងភេរវកម្មអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេ៉រិកថែមទៀតផង ខណៈភាពតានតឹងនៅក្នុងតំបន់កំពុងកើនឡើង គឺក្រោយពីការសម្លាប់មេបញ្ជាការយោធាអីុរ៉ង់ម្នាក់ និងមេដឹកនាំក្រុមជីវពលអីុរ៉ាក់នៅទីក្រុងបាដាដ ។
លោកស្រី Morgan Ortagusអ្នកនាំពាក្យក្រសួងការបរទេសអាមេ៉រិកបានថ្លែងថា «សហរដ្ឋអាមេ៉រិកមានការខកចិត្តចំពោះសកម្មភាពដែលបានធ្វើនៅថ្ងៃនេះ ដោយក្រុមប្រឹក្សាតំណាងរាស្ត្រ ។ ខណៈដែលយើងរង់ចាំការបញ្ជាក់បន្ថែមទៀតលក្ខណៈផ្លូវច្បាប់ និងផលប៉ះពាល់នៃការសម្រេចចិត្តនៅថ្ងៃនេះ, យើងសូមជំរុញយ៉ាងខ្លាំងក្លាដល់មេដឹកនាំអីុរ៉ាក់ពិចារណាឡើងវិញ នូវសារៈសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខដែលកំពុងតែកើនឡើងរវាងប្រទេសទាំងពីរ និងបន្តឲ្យមានវត្តមានសម្ពន្ធមិត្តអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងក្រុម ISIS»។
លោកស្រី Morgan Ortagusបានបន្តថា «យើងជឿជាក់ថា វាស្ថិតក្នុងផលប្រយោជន៍រួមរបស់សហរដ្ឋអាមេ៉រិក និងអីុរ៉ាក់ ដើម្បីបន្តប្រយុទ្ធប្រឆាំងជាមួយក្រុម ISIS ។ រដ្ឋបាលអាមេ៉រិកនៅតែប្តេជ្ញាចិត្តចំពោះ ប្រទេសអីុរ៉ាក់ដែលមានអធិបតេយ្យភាពមានស្ថិរភាព និងវិបុលភាព»។
ការបោះឆ្នោតរបស់សភាអីុរ៉ាក់បានធ្វើឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេ៉រិកទៅលើទីក្រុងបាដាដ ដែលបានសម្លាប់លោក Qasem Soleimani មេបញ្ជាការនៃកងកម្លាំងឃើដ (Quds) នៃក្រុមឆ្មាំបដិវត្តន៍អ៊ិស្លាមអីុរ៉ង់ និងលោក Abu Mahdi Muhandisសមាជិកជាន់ខ្ពស់ នៃកងកម្លាំងចលនា SPMF (Shia Popular Mobilization Forces) ដែលគាំទ្រដោយអីុរ៉ង់ កាលពីថ្ងៃសុក្រទី៣ ខែមករា ឆ្នាំ២០២០ ។
មនុស្សរាប់ម៉ឺននាក់បានធ្វើដំណើរតាមដងផ្លូវ នៅទូទាំងប្រទេសអីុរ៉ាក់ និងអីុរ៉ង់ នៅថ្ងៃទី៤ និងទី៥ ខែមករា ឆ្នាំ២០២០ ដើម្បីកាន់ទុក្ខចំពោះការសម្លាប់លោក Soleimaniនិង Muhandis៕