ភ្លើងឆេះព្រៃនៅអូស្ត្រាលីអូសបន្លាយ ជាច្រើនសប្តាហ៍កន្លងមក បណ្តាលឲ្យ មនុស្ស សត្វនិងទ្រព្យសម្បត្តិជាច្រើនត្រុវបានបំផ្លាញ។
នៅពេលនេះអូស្ត្រាលីកំពុងប្រឈមគ្រោះមហន្តរាយភ្លើងឆេះ ដែលបានបន្តមកជាច្រើនខែ ហើយទំនងជានឹងអូសបន្លាយរាប់សប្តាហ៍តទៀតនោះ នៅមានបញ្ហាផ្នែកអាកាសធាតុធំៗមួយចំនួនទៀត ដែលនឹងត្រូវធ្លាក់លើប្រទេសអូស្រ្តាលីក្នុងពេលខាងមុខនេះ។
បច្ចុប្បន្នតំបន់ភាគខាងកើតប្រទេសអូស្រ្តាលី កំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារភ្លើងឆេះព្រៃ ដែលបានដុតបំផ្លាញផ្ទះសម្បែង ផ្តាច់ជីវិតមនុស្សក៏ដូចជាសត្វ និងបង្ខំឲ្យប្រជាជនអូស្រ្តាលីជាច្រើនត្រូវជម្លៀសខ្លួនទៅរកកន្លែងសុវត្ថិភាព។ ប៉ុន្តែក្នុងពេលខាងមុខ ប្រទេសអូស្រ្តាលីនឹងត្រូវទទួលរងការធ្លាក់ភ្លៀងខ្លាំង ដែលអាចជារឿងល្អសម្រាប់ជួយទប់ទល់បញ្ហាភ្លើងឆេះព្រៃ ប៉ុន្តែវាក៏អាចបង្កជាបញ្ហាធំថ្មី គឺគ្រោះទឹកជំនន់ផងដែរ។
ក្រៅពីនេះរដូវព្យុះស៊ីក្លូនដែលតែងវាយប្រហារតំបន់ភាគខាងជើងអូស្រ្តាលី កំពុងតែត្រៀមលក្ខណៈជិតមកដល់ ហើយនៅប៉ុន្មានសប្តាហ៍ខាងមុខ ស្ថានភាពរលកកម្តៅនៅភាគខាងត្បូងអូស្រ្តាលី ក៏នឹងបន្តឈានដល់កម្រិតកាន់តែយ៉ាប់យ៉ឺនខ្លាំងថែមទៀត។
គួរជម្រាបថា មហន្តរាយភ្លើងឆេះព្រៃនៅភាគខាងកើតអូស្រ្តាលី ដែលបានចាប់ផ្តើមតាំងពីខែកញ្ញា ឆ្នាំ២០១៩ បានផ្តាច់ជីវិតមនុស្សសរុងជាង២០នាក់ និងបំផ្លាញលំនៅឋានប្រមាណជាង១,៥០០ខ្នង ខណៈផ្ទៃដីរហូតដល់ខ្ទង់៦០,០០០គីឡូម៉ែត្រក្រឡាត្រូវបានឆាបឆេះ។ ជាមួយគ្នានេះ បើតាមការប៉ាន់ស្មាន សត្វអាចជិត៥០០លានក្បាលបានងាប់ ដោយសារតែរដូវភ្លើងឆេះព្រៃដ៏អាក្រក់នេះ៕