អគារដែលបានសាងសង់រួចរាល់មានកម្ពស់៥ជាន់នៅក្នុងទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី បណ្តាលឲ្យមនុស្សជាច្រើនជាប់គាំងនៅខាងក្នុង។
ក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ីបានបញ្ជាក់ថា អគារកម្ពស់៥ជាន់នៅក្នុងទីក្រុង ហ្សាការតា បានបាក់ស្រុតកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ រងរបួសយ៉ាងតិច៨នាក់ និងមានអ្នកផ្សេងទៀត នៅជាប់គាំង។
ភ្លាមៗនោះ គេនៅមិនទាន់អាចសន្មតបានថា មានអ្នកស្លាប់នោះទេ ហើយមិនទាន់ដឹងថា តើការបាក់ស្រុតនេះមានពាក់ព័ន្ធទឹកជំនន់ក្នុងតំបន់កាលពីសប្តាហ៍មុននោះដែរឬយ៉ាងណាដែល បណ្តាលឲ្យស្លាប់មនុស្សជាង៦០នាក់នោះ ។
រូបភាពផ្សាយតាមទូរទស្សន៍ឃើញកម្ទេចកម្ទីបាក់បែករប៉ាត់រប៉ាយពាសពេញដងផ្លូវ ។ ទីតាំងអគារបាក់ស្រុតនេះ ស្ថិតនៅភាគខាងលិចទីក្រុងហ្សាការតា។ ក្រុមជួយសង្គ្រោះបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យភា្លមៗ ។
ភ្នាក់ងារសង្គ្រោះបន្ទាន់បញ្ជាក់ថា ក្រុមជួយសង្គ្រោះកំពុងជម្លៀសជនរងគ្រោះចេញពីទីខាងក្នុងនៃអគារនោះ ហើយនៅមិនទាន់ដឹងថា មូលហេតុអ្វីបណ្តាលឲ្យអគារបាក់ស្រុតនៅឡើយទេ ។ បណ្តាញផ្សព្វផ្សាយក្នុងស្រុកថា មនុស្ស២នាក់ជាប់គាំង ក្នុងនោះម្នាក់ជួយសង្គ្រោះបានហើយ ៕ ធី រីណា