ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត នឹងអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា (៧មករា ១៩៧៩-៧មករា ២០២០) ប្រារព្ធធ្វើឡើងនៅ មជ្ឈមណ្ឌលកោះពេជ្រ ដែលនឹងមានការចូលរួមពីប្រជាពលរដ្ឋខ្មែរជាង៥ម៉ឺននាក់។
ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ថ្ងៃនេះ គឺបង្ហាញអោយឃើញនូវស្មារតីចងចាំជានិច្ចចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និង ការពារការរស់ឡើងវិញរបស់កម្ពុជា។
គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់ (Live) ពិធីនេះនៅម៉ោង៧:០០នាទីព្រឹក ពីមជ្ឍមណ្ឌលកោះពេជ្រ៕
ដោយ៖ សុខ ខេមរា