សហរដ្ឋអាមេរិក៖ នៅក្នុងសង្គមសិល្បៈប្រទេសកំពុងតែអភិវឌ្ឍន៍មួយចំនួន តារាស្រីដែលចង់បានភាពល្បីល្បាញ តែងតែមានការដោះដូរដើម្បី ទទួលបានតំណែងដើរតួដ៏សំខាន់នៅក្នុងរឿង។ អ្នកខ្លះបានប្តូរទាំងខ្លួនប្រាណដើម្បីតែប្រាក់និងភាពល្បីល្បាញ ។ ប៉ុន្តែស្ត្រីខ្លះក៏ទទួលរង គំនាបបៀតបៀនផ្លូវភេទ ពីផលិតករផងដែរ។
មិនថាប្រទេសកំពុងអភីវឌ្ឍន៍ ពេលនេះប្រទេសអភិវឌ្ឍន៍អាមេរិក ក៏មានករណី រំលោភផ្លូវភេទ ចាប់បង្ខំតារាស្រី មានសម្រស់ស្អាតឲ្យរួមរ័ក្សជាមួយខ្លួន។ តុលាការបុរីញូវយ៉ក នៅថ្ងៃទី៦ ខែមករា នេះ បានលើកយកសំណុំរឿងព្រហ្មទណ្ឌ រំលោភផ្លូវភេទរបស់ផលិតករដ៏ល្បីល្បាញ នាំមកកាត់ទោស ហើយប្រសិនបើតុលាការរកឃើញពីទោសកំហុសរបស់គាត់ ដូចការចោទប្រកាន់មែន គាត់អាចប្រឈមមុខនឹងការជាប់គុក អស់មួយជីវិត។
សំណុំរឿងរបស់លោក Harvey Weinstein មានការជាប់ពាក់ព័ន្ធនឹងបណ្ដឹងព្រហ្មទណ្ឌជាច្រើន ករណីជុំវិញការរំលោភបំពានផ្លូវភេទ។ ការចោទប្រកាន់រំលោភផ្លូវភេទ ប្រឆាំងនឹងផលិតកររបស់ហូលីវូដដ៏មានឥទ្ធិពលរូបនេះ បានកើតឡើង អស់រយៈពេលជាង២ឆ្នាំកន្លងមកហើយ។
នៅក្នុងសំណុំរឿងចោទប្រកាន់ពីបទរំលោភផ្លូវភេទ ប្រឆាំងនឹងផលិតករវ័យ៦៧ឆ្នាំរូបនេះ យ៉ាងហោចណាស់ ក៏មានស្រ្ដីចំនួនជាង៩០នាក់ ដោយរួមទាំងតារាភាពយន្ដដ៏ល្បីល្បាញរបស់អាមេរិក Angelina Jolie និងតារា Gwyneth Paltrow ផងដែរ។ ការចោទប្រកាន់រំលោភផ្លូវភេទនេះ បានផ្ទុះឡើង ចាប់តាំងពី កាសែត The New York Times បានសរសេរបរិយាយប្រឆាំងនឹងផលិតករដ៏មានឥទ្ធិពលរបស់ Hollywood រូបនេះ កាលពីអំឡុងខែតុលា ឆ្នាំ២០១៧មក។
ក្រៅពីតារាល្បីទាំងនោះ លោក Weinstein ក៏ត្រូវបានអតីតជំនួយការផលិតកម្ម គឺអ្នកនាង Mimi Haleyi ចោទប្រកាន់ថា ផលិតកររូបនេះ បានបង្ខំនាងឲ្យរួមភេទ តាមមាត់របស់នាង (Oral Sex) នៅក្នុងផ្ទះល្វែងរបស់គាត់ កាលពីអំឡុង ឆ្នាំ២០០៦។ ដោយឡែក ជនរងគ្រោះដែលចោទប្រកាន់មួយករណីនេះទៀត ដោយគ្រាន់តែសុំមិនបញ្ចេញឈ្មោះ បានអះអាងថា លោក Weinstein សហស្ថាបនិកភាពយន្ដ Miramax Films បានចាប់រំលោភនាង នៅក្នុងបន្ទប់សណ្ឋាគារ នៅក្នុងបុរីញូយ៉ក កាលពីអំឡុង ខែមីនា ឆ្នាំ២០១៣៕
ដោយ៖ មែវ សាធី