ខេត្តបាត់ដំបង៖ សំឡេងខ្លងខែកហែកស្បៃរាត្រីបានអង្រួនអ្នកភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបងឲ្យទ្រាំស្រក់ទឹកភ្នែកមិនបាន គ្រាដែលមឈូសសពមនុស្ស៥នាក់ដែលស្លាប់មួយគ្រួសារដោយការបាក់រលំអគារនៅក្រុងកែប កាលពីថ្ងៃទី៣ ខែ មករា ឆ្នាំ២០២០ នោះ ត្រូវបានបានគេយកទៅតម្កល់តម្រៀបគ្នាជាជួរលើមេរុ ចំនួន៤ សម្រាប់ធ្វើការបូជាតាមប្រពៃណីខ្មែរ ទាំងក្តុកក្តួលបំផុត ។ អ្វីដែលមានការចាប់អារម្មណ៍នាយប់ថ្ងៃ ថ្ងៃ ចន្ទ ១២ កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី ៦ ខែ មករា ឆ្នាំ២០២០ ដែលជាថ្ងៃបូជាសពមនុស្ស៥នាក់ក្នុងគ្រួសារមួយនេះ គឺមេរុ តម្កល់សពនីមួយៗគេឃើញមានការតុបតែងលម្អដោយផ្កាភ្ញី រំលេចដោយភ្លើងអំពូលអគ្គិសនីភ្លឹបភ្លែតៗ រត់ប្រទាក់ក្រឡាគ្នា លាយឡំដោយភ្លេងពិណពាទ្យយ៉ាងទ្រហឹងពេញភូមិ សបញ្ជាក់ឲ្យដឹងថា សមាជិក៥នាក់ ដែលក្នុងនោះមានកុមារា និងកុមារី២នាក់របស់គ្រួសារអភ័ព្វមួយនេះ បានលាចាកលោកនេះទាំងពូជ និងទាំងបិទភ្នែកមិនជិត ព្រោះតែឧបទ្ទវហេតុដ៏ចង្រៃមួយនេះ ។
ក្រោមការចាត់ចែងនិងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល សពជនរងគ្រោះនៃឧបទ្ទវហេតុបាក់រលំអគារនៅក្រុងកែប ទាំងអស់ត្រូវបានអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ចាត់ចែងធ្វើបុណ្យជាមួយគ្រួសារសពអស់ពីចិត្តពីថ្លើម ។ ប៉ុន្តែសោកនាដកម្មគួរឲ្យរន្ធត់និងក្តុកក្តួលរំជួលចិត្តធ្វើឲ្យអ្នកផងទាំងពួងទ្រាំស្រក់ទឹកភ្នែកមិនបានក្នុងចំណោមសពទាំង៣៦នាក់នោះ គឺសមាជិក៥នាក់ក្នុងគ្រួសារមួយនេះតែម្តងដែលស្លាប់ព្រមគ្នា ហើយបូជារំលាយសពក៏ព្រមគ្នាដែរ។ នៅយប់បូជាសពទាំង៥នាក់នេះដែរគេឮ សំឡេងខ្លងខែកទួញសោកយ៉ាងទ្រហឹង ធ្វើឲ្យអ្នកចូលរួមក្នុងពិធីនេះម្នាក់ៗរំជួលចិត្តខ្សឹកខ្សួលអួលដើមកហូរទឹកភ្នែកទាំងមិនដឹងខ្លួន។លុះបានមួយសន្ទុះព្រះអគ្គីក៏បានមកឆក់ផ្តាច់រាងកាយអ្នកទាំង៥នាក់បាត់ពីពិភពលោក ក្នុងពេលតែមួយ ។ ផ្សែងហុយឃ្មួលខ្មាញ់ទៅលើព្ធដ៏អាកាសចេញពីបំពង់មេរុទាំង៤( ក្នុងនោះមេរុមួយដាក់សពកុមារ២នាក់) ហាក់បញ្ជាក់ឲ្យដឹងថា ពួកគេមួយគ្រួសារសុំលាយើងទាំងអស់គ្នាហើយ លាគ្មានថ្ងៃវិលត្រឡប់វិញ ។
ក្នុងនាមរាជរដ្ឋាភិបាល អាជ្ញាធរដែនដី និងប្រជាពលរដ្ឋខ្មែរទាំងអស់ សូមបួងសួងដល់វិញ្ញាណក្ខន្ធគ្រួសារអភ័ព្វមួយនេះទៅសោយសុខក្នុងសុគតិភពកុំបីខាន ។
សូមបញ្ជាក់ថាសពជនរងគ្រោះទាំង៥នាក់នេះ រួមមាន៖
១/លោក សៀង សឿង អាយុ ៣០ ឆ្នាំ (ប្តី)។
២/លោកស្រី រចនា ថវី អាយុ ២៨ ឆ្នាំ (ប្រពន្ធ)។
៣/លោក រចនា សិលា អាយុ ២៦ ឆ្នាំ (ប្អូន)។
៤/កុមារា សឿង វិច្ឆ័យ អាយុ ៧ ឆ្នាំ (កូន)។
៥/កុមារី សឿង ស្រីណាអាយុ ៣ ខែ(កូន) ៕
ដោយ៖ ប្រាថ្នា