សហរដ្ឋអាមេរិក៖ អាមេរិកបានបញ្ចេញយន្តហោះចម្បាំង បំបាំងកាយទំនើបបំផុតលើពិភពលោក F-35 ពីប្រទេសអារ៉ាប់រួម សម្តៅទៅកាន់ប្រទេសអ៊ីរ៉ាក់ ក្រោយពេលដែល អ៊ីរ៉ង់វាយប្រហារជាលើកទីពីរទៅលើទីតាំងយោធាអាមេរិក។
កម្លាំងទាហានអ៊ីរ៉ង់បានប្រកាសថា ការវាយប្រហារខាងលើសម្លាប់ទាហានអាមេរិក៣០នាក់ ។ ចំណែកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា ទីតាំងយោធាអាមេរិក ក៏ដូចជាកម្លាំងទាហាន មិនមានការខូចខាតឬបាត់បង់ជីវិតនោះឡើយ ដោយអាមេរិក មានកម្លាំងទាហាន ជំនាញបំផុតលើពិភពលោក។ លោកត្រាំបញ្ជាក់ទៀតថា ថ្ងៃស្អែកនឹងមានអ្វីផ្សេង មានការប្រកាសផ្សេងពីនេះទៀត។
នៅពេលនេះដែរ អាមេរិក ក៏បានហាមប្រាមក្រុមហ៊ុនអាកាសចរណ៍នានា ហោះហើរ ចូលទៅក្បែរប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ ដោយខ្លាចការវាយប្រហារច្រឡំ។ យន្តហោះដឹកអ្នកដំណើរក៏ត្រូវបានហាមប្រាមហោះហើរឆ្លងកាត់ឈូងសមុទ្រ អូម៉ង់ផងដែរ។
ក្រៅពីនេះក្រុមហ៊ុនអាកាសចរណ៍នានាក៏បានសម្រេចផ្អាកការហោះហើរឆ្លងកាត់តំបន់មជ្ឈិបប៉ូព៌ា។ ដើម្បីសុវត្ថិភាព បណ្តាលក្រុមហ៊ុនអាកាសចរណ៍នានា បានផ្អាកហោះហើរទៅកាន់ប្រទេសអ៊ីរ៉ាក់។
សារព័ត៌មាន អេហ្ស៊ីបបានផ្សាយថា៖ នៅថ្ងៃទី៨ ខែមករា ក្រុមហ៊ុនអាកាសចរណ៍អេហ្ស៊ីប Egypt Air បានផ្អាកហោះហើរទៅកាន់ទីក្រុងBaghdad ប្រទេសអ៊ីរ៉ាក់ រយៈពេល ៣ថ្ងៃគឺនៅថ្ងៃទី៨,៩,១០ ខែមករា ឆ្នាំ២០២០ ដើម្បីសុវត្ថិភាព។
តាមសារព័ត៌មាន Egypt Today បានផ្សាយថា ៖ ស្ថានីយ៍បញ្ជាការហោះហើរ អេហ្ស៊ីប បានប្រកាសថា ការសម្រេចផ្អាកហោះហើរទៅកាន់ប្រទេសអ៊ីរ៉ាក់ គឺដើម្បីធានាសុវត្ថិភាព ដល់អ្នកដំណើរ ដោយស្ថានភាពសន្តិសុខដែនអាកាស អ៊ីរ៉ាក់មិនមានសុវត្ថិភាព។ ចំណែកអ្នកដំណើរដែលទិញសំបុត្ររួចអាចប្តូរវិញបាន។
ស្ថានភាពនៅក្នុង ប្រទេសអ៊ីរ៉ាក់ ប្រែប្រួលខុសប្រក្រតី ពិសេសគឺសន្តិសុខនៅអាកាសយានដ្ឋាន អាចប៉ះពាល់ដល់ការហោះហើរ ក្រោយយន្តហោះគ្មានមនុស្សបើកអាមេរិកវាយប្រហារសម្លាប់មេទ័ពអ៊ីរ៉ង់៕
ដោយ៖ មែវ សាធី