ភ្នំពេញ ៖ ជនជាតិចិនចំនួន៦១នាក់ មានស្រី០៦នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ត្រូវ បានក្រសួងមហាផ្ទៃ ប្រកាសសម្រេចបណ្តេញចេញពីកម្ពុជា រយៈពេល០៣ឆ្នាំ ដោយមានសមត្ថកិច្ចនគរបាលមកពីប្រទេសចិនមកទទួលអមដំណើរពួកគេត្រឡប់ទៅប្រទេសចិនវិញ។
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ជនជាតិចិនទាំង៦១នាក់ មានស្រី០៦នាក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជាតាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ។ លោកបន្តថា ក្រុមជនសង្ស័យទាំងអស់នេះ គឺទទួលបានមកពីនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដែលក្រសួងមហាផ្ទៃប្រកាសបណ្តេញចេញ និងហាមចូលព្រះរាជាណាចក្រកម្ពុជារយៈពេល០៣ឆ្នាំ ។
លោកបញ្ជាក់ប្រាប់ថា ក្រុមជនសង្ស័យនឹងមានយន្តហោះពិសេសចំនួន០២គ្រឿងមកទទួលយក បែងចែកជា០២ក្រុម ក្រុមទី០១ ជើងហោះហើរលេខ MF 8810 ជនសង្ស័យចំនួន ២៦នាក់ ស្រី០៥នាក់ និងក្រុមទី០២ ជើងហោះហើរលេខ MU 7044 ជនសង្ស័យចំនួន ៣៥នាក់ ស្រី០១នាក់ ព្រមទាំងមានការចូលរួម សហការពីសំណាក់ តំណាងស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយសមត្ថកិច្ចនគរបាល ពីប្រទេសចិនមកទទួល និង អមដំណើរទៅប្រទេសចិនវិញ ៕ ដោយ ៖ ជាយក្រុង