ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ដែលទើបនឹងធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងរឿងបុរសម្នាក់វាយក្បាល ដេរអស់៥ថ្នេរនោះបានរៀបចំពិធីឡើងផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់ខ្លួនហើយនៅថ្ងៃទី០៩ ខែមករាឆ្នាំ ២០២០នេះ។
ផ្ទះវីឡាដែលនាយចឺមសង់សម្រាប់ក្រុមគ្រួសារខ្លួនរស់នៅនោះត្រូវបានគេដឹងថាមានតម្លៃប្រមាណជាង២០ម៉ឺនដុល្លារអាមេរិក។ ផ្ទះវីឡានេះត្រូវបានសាងសង់នៅស្រុកកំណើតនាភូមិត្រាចកុះ ឃុំ មហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ កម្មវិធីធំដុំនេះក៏ត្រូវបានគេដឹងថានឹងមានវត្តមានសិល្បករជាច្រើនកុះករចូលរួមអបអរសាទរផងដែរ។ វីឡានេះត្រូវបានក្រុមការងាររបស់តារាចម្រៀងរូបនេះបង្ហាញពីសភាពខាងក្រៅ និងខាងក្នុងយ៉ាងប្រណីត រួមទាំងបន្ទប់ស្ទីតយោផ្ទាល់ខ្លួនផងដែរ។ បើទោះបីជាមានការរិះគន់កន្លងមកខ្លាំងទាក់ទិននឹងការសម្ញែងទ្រព្យ ប៉ុន្តែមានការកោតសរសើរច្រើនចំពោះការខិតខំប្រឹងប្រែងរកលុយរបស់តារាចម្រៀងរូបនេះនិងបានជួយជ្រោមជ្រែងក្រុមគ្រួសារ។ ពិធីឡើងផ្ទះធំទ្រនុំខ្ពស់នេះដែរគឺក្រោយពេលដែលអតីតតារាកំប្លែងរូបនេះទើបនឹងជួបគ្រោះអកុសល ដែលត្រូវបុរសកូនអ្នកមានមុខមាត់ម្នាក់នៅខេត្តប៉ៃលិនវាយនឹងតំបងឈើជ្រុងកាលពីវេលាទៀបភ្លឺ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចហាងម៉ាស្សាមួយកន្លែង។ ក្រោយជួបរឿងដែលធ្វើឲ្យភ្ញាក់ផ្អើលពេញផ្ទៃប្រទេសនេះដែរ ភាគីទាំងពីរបានសម្រួលគ្នាក្រៅរបងតុលាការនោះ។
គួរបញ្ជាក់ដែរថាលោក សុខ មេសាហៅ នាយចឺម ចាប់ផ្តើមលេចមុខមាត់ខ្លាំង និងទទួលបានការគាំទ្រច្រើនក្រោយពីតារារូបនេះចូលរួមសម្តែងក្នុងក្រុមកំប្លែងរបស់ទូរទស្សន៍មួយ ដោយមាននាយក្រូច ជាពូ និងមីង នាងអ៊ីត ជាអ្នកជ្រោមជ្រែង។ ក្រោយប្រឡូកក្នុងអាជីពកំប្លែងជាច្រើនឆ្នាំ តារាវ័យក្មេងរូបនេះបានវិវឌ្ឍន៍ខ្លួនជាតារាចម្រៀង រហូតទទួលបានការគាំទ្រច្រើនពីក្រុមយុវវ័យ បើទោះបីជាបទចម្រៀងមួយចំនួនរបស់តារាចម្រៀងរូបនេះត្រូវរងការរិះគន់ពីសំណាក់អ្នកស្តាប់ថាបានចម្លងនិងធ្វើឲ្យបាត់បង់តម្លៃបទចម្រៀងមរតកដើមក្តី៕
ដោយ វឌ្ឍនា