ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កេីត ខែបុស្ស ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យ និងចាត់ចែងការងារអន្តរាគមន៍បូមទឹកពីស្ទឹងសិរីសោភ័ណ ស្ថិតក្នុងក្រុងសិរីសោភ័ណ បញ្ជូនទៅកាន់ស្ទឹងមង្គលបូរី ស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលជិតនឹងរីងខះ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកមង្គលបូរី ប្រមាណ ៨ ពាន់គ្រួសារ ប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។
ក្នុងឱកាសនេះផងដែរ និងដើម្បីដោះស្រាយបញ្ហានេះនាពេលខាងមុខផងនោះ លោករដ្ឋមន្ត្រីបានសម្រេចផ្ដល់ជូននូវស្ថានីយបូមទឹកហ៊ុនសែន ( បណ្តែត) ដែលមានទុយោទំហំ ៥ តឹក ចំនួន ០១ ស្ថានីយ ព្រមទាំងបានណែនាំឲ្យក្រុមអ្នកបច្ចេកទេស ធ្វើការសិក្សា ដើម្បីឈានទៅសាងសង់ប្រឡាយបេតុង ០១ ខ្សែ ប្រវែងប្រមាណ ៨ គីឡូម៉ែត្រ ចេញពីស្ថានីយ ទៅភ្ជាប់នឹងស្ទឹងមង្គលបុរី ដែលប្រឡាយនេះ មានតួនាទីជាប្រឡាយស្រោចស្រពផង និងជាប្រឡាយនាំទឹកសម្រាប់ការប្រើប្រាស់នៅក្នុងស្រុកមង្គលបុរីផងដែរ ។ មកដល់ពេលបច្ចុប្បន្ននេះ សម្រាប់ស្រុកមង្គលបូរី មិនទាន់មានអ្វីត្រូវព្រួយបារម្ភនោះទេ ដោយលោករដ្ឋមន្ត្រី បានសម្រេចតម្លេីងម៉ាស៊ីនបូមទឹកចំនួន ៣ គ្រឿង បូមទឹកបង្ហូរទៅស្ទឹងមង្គលបូរី ។
គួរបញ្ជាក់ជូនថា ក្នុងឆ្នាំ ២០១៩- ២០២០ នេះ ស្រុកមង្គលបូរី បានបង្កបង្កើនផលស្រូវប្រាំងរហូតដល់ទៅ ៨ មុឺនហិកតា ( ផែនការខេត្តបានដាក់ចុះ ៧ ពាន់ហិកតាតែប៉ុណ្ណោះ ) ។
ចំពោះបញ្ហាបង្កបង្កើនផល ស្រូវប្រាំងនេះ ត្រូវបានក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានជួយអន្តរាគមន៍បូមទឹកសង្គ្រោះរួចរាល់អស់ហើយ មិនមានអ្វីចោទជាបញ្ហាទេ ៕ដោយ៖ សុខ ខេមរា