លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះពិនិត្យ និងចាត់ចែងការងារអន្តរាគមន៍បូមទឹកពីស្ទឹងសិរីសោភ័ណ ខណៈប្រជាពលដ្ឋប្រមាណ៨ ពាន់គ្រួសារ ប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ ១៥កេីត​ ខែ​បុស្ស​ ឆ្នាំ​កុរ​ ឯកស័ក​ ពស​ ២៥៦៣ ត្រូវនឹងថ្ងៃទី​ ៩​ ខែ​មករា​ ឆ្នាំ​ ២០២០​ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យ និងចាត់ចែងការងារអន្តរាគមន៍បូមទឹកពីស្ទឹងសិរីសោភ័ណ ស្ថិតក្នុងក្រុងសិរីសោភ័ណ បញ្ជូនទៅកាន់ស្ទឹងមង្គលបូរី ស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលជិតនឹងរីងខះ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកមង្គលបូរី ប្រមាណ ៨ ពាន់គ្រួសារ ប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។
ក្នុងឱកាសនេះផងដែរ និងដើម្បីដោះស្រាយបញ្ហានេះនាពេលខាងមុខផងនោះ លោករដ្ឋមន្ត្រីបានសម្រេចផ្ដល់ជូននូវស្ថានីយបូមទឹកហ៊ុនសែន ( បណ្តែត) ដែល​មានទុយោទំហំ ៥ តឹក ចំនួន ០១ ស្ថានីយ ព្រមទាំងបានណែនាំឲ្យក្រុមអ្នកបច្ចេកទេស ធ្វើការសិក្សា ដើម្បីឈានទៅសាងសង់ប្រឡាយបេតុង ០១ ខ្សែ ប្រវែងប្រមាណ ៨ គីឡូម៉ែត្រ ចេញពីស្ថានីយ ទៅភ្ជាប់នឹងស្ទឹងមង្គលបុរី ដែលប្រឡាយនេះ មានតួនាទីជាប្រឡាយស្រោចស្រពផង និងជាប្រឡាយនាំទឹកសម្រាប់ការប្រើប្រាស់នៅក្នុងស្រុកមង្គលបុរីផងដែរ​ ។ មកដល់​ពេល​បច្ចុប្បន្ន​នេះ​ សម្រាប់​ស្រុក​មង្គលបូរី​ មិន​ទាន់​មានអ្វី​ត្រូវ​ព្រួយ​បារម្ភ​នោះ​ទេ​ ដោយ​លោក​រដ្ឋមន្ត្រី​ បាន​សម្រេចតម្លេីង​ម៉ាស៊ីន​បូម​ទឹក​ចំនួន​ ៣​ គ្រឿង​ បូមទឹក​បង្ហូរ​ទៅ​ស្ទឹង​មង្គលបូរី​ ។

គួរបញ្ជាក់ជូនថា ក្នុងឆ្នាំ ២០១៩- ២០២០ នេះ ស្រុកមង្គលបូរី បានបង្កបង្កើនផលស្រូវប្រាំងរហូតដល់ទៅ ៨ មុឺនហិកតា ( ផែនការខេត្តបានដាក់ចុះ ៧ ពាន់ហិកតាតែប៉ុណ្ណោះ ) ។
ចំពោះបញ្ហាបង្កបង្កើនផល ស្រូវប្រាំងនេះ ត្រូវបានក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានជួយអន្តរាគមន៍បូមទឹកសង្គ្រោះរួចរាល់អស់ហើយ មិនមានអ្វីចោទជាបញ្ហាទេ ៕​ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print