បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ភ្នំពេញ៖ ថ្ងៃស្អែកជាខួបលើកទី៣៧ នៃថ្ងៃរំដោះ៧ មករា ១៩៧៩-៧ មករា ២០១៦ ជាថ្ងៃដែលប្រជាជនកម្ពុជាទូទាំងប្រទេសបានរួចចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ បើទោះជារូបខ្ញុំជាតួអង្គមួយរូបក្នុងចំណោមតួអង្គសំខាន់ៗដែលនាំមកនូវជ័យជំនះនេះក៏ដោយ ក៏ខ្ញុំនៅតែនិយាយថា បើគ្មានថ្ងៃ ៧ មករា១៩៧៩ ទេគឺគ្មានអ្វីៗទាំងអស់នៅពេលនេះ។ គ្មាន ៧មករា គ្មានជីវិត គ្មានវេទិការចរចាស្វែងរកសន្តិភាព សីហនុ-ហ៊ុន សែន ហើយក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ។
បើ ហ៊ុន សែន ស្លាប់បាត់ទៅហើយ តើបានអ្នកណាទៅចរចានិងចុះហត្ថលេខាទៀត? នេះជាសច្ចៈភាពនៃប្រវត្តិសាស្ត្រ។ សិទ្ធិមនុស្សត្រូវចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិតសិន។ បើមនុស្សស្លាប់បាត់ទៅហើយ តើឱ្យខ្មោចមកបង្កើតបក្សនយោបាយ ឬសមាគម ឬសារព័ត៍មាន…។ល។ ម៉្តេចបាន?។ សូម្បីតែចំនួនប្រជាជន គឺទាល់តែម៉ែ ឪនៅរស់ទើបអាចបង្កើតកូនបាន។ ចំនួនប្រជាជនឆ្នាំ១៩៧៩ មានប្រមាណ៥លាននាក់ ពេលនេះមានប្រមាណ១៥ លាននាក់។ ការកើនឡើងនេះក៏មានមូលដ្ឋានពីថ្ងៃ ៧ មករា ១៩៧៩ មកដែរ។
វិលមកគ្រួសារខ្ញុំវិញ បន្ទាប់ពីឆ្លងកាត់ឈាម និងទឹកភ្នែក យើងបានចូលរួមជាមួយប្រជាជនកម្ពុជាទូទាំងប្រទេសដើម្បីការពារ និងកសាងប្រទេសឡើងវិញ និងកសាងគ្រួសារមួយដែលសម្បូណ៍ដោយចៅ។ ថ្ងៃ ៥ មករា ជាខួប៤០ ឆ្នាំនៃការរៀបការរបស់ខ្ញុំ និង ភរិយា។ យើងមិនបានរៀបចំពិធីអ្វីទេ តែកូនៗរបស់ខ្ញុំបានរៀបចំឱ្យមានការជួបជុំចៅៗក្នុងឯកសណ្ឋានកីឡា ហើយសុំឱ្យខ្ញុំស្លៀកពាក់ជាកីឡាករ ដើម្បីលេងកីឡា និងថតរូបជាមួយចៅៗទុកជាអនុស្សាវរីយ៍។
ពិតជាកូនមួយតៅ ចៅមួយថាំងមែន ទោះមានកិច្ចការច្រើនយ៉ាងណា ក៏ត្រូវធ្វើតាមសំណូមពរកូនៗនិងចៅៗដែរ។នេះជាជីវិតនៃគ្រួសារខ្ញុំដែលការជួបជុំជាមួយកូនៗចៅៗក្នុងស្ថានភាពសាមញ្ញនេះអាចផ្តល់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅមួយ
សំរាប់ពួកគេ។ នេះជាវិធីមួយក្នុងចំណោមវិធីអប់រំកូន និងចៅឱ្យស្ថិតនៅក្នុងភាពសាមញ្ញមួយដែលមនុស្សភាគច្រើនត្រូវការ៕
***សូមជនរួមជាតិ ជាពិសេសយុវជន តាមដានរឿងភាគនិទាន “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី” នៅក្នុងបណ្តុំ Video Clips ក្នង Facebook ខ្ញុំ ហើយសង្ឃឹមថានឹងបានជាប្រយោជន៍សម្រាប់ស្វែងយល់បន្ថែមអំពីប្រវត្តិរបស់ខ្ញុំ។ សូមអរគុណ។