ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយសិស្សានុសិស្សនៃវិទ្យាល័យអន្តេវាសិកដ្ឋានបានលុង ប្រមាណជាង៥០០នាក់ បានរួមគ្នាធ្វើយុទ្ធនាការសំអាត អនាម័យ បរិស្ថានជុំវិញបរិវេនបឹងកន្សែង ស្ថិតនៅក្នុងក្រុងបានលុង ខេត្តរតនគិរី ។ ការធ្វើយុទ្ធនាការនេះជាការផ្តួចផ្តើមគំនិតដោយឯកឧត្តមថង សាវុន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាអភិបាលខេត្តរតនគិរី ។
សកម្មភាពសំអាតអនាម័យបរិស្ថាន ជាពិសេសរមណីដ្ឋានបឹងកន្សែងនេះ ក្នុងគោលបំណងឲ្យរមណីដ្ឋានដ៏មានប្រជាប្រិយមួយនេះមានសោភណ្ឌភាព បរិស្ថានស្អាតល្អ ទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តកាន់តែច្រើនឡើងថែមទៀត នេះបើតាមការឲ្យដឹងពីលោក មួង មករា តំណាងសហភាពសហព័ន្ធយុវជនខេត្ត ។
លោកបន្តឲ្យដឹងទៀតថា ដោយមានការណែនាំ និងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនខេត្តផង និងក្នុងនាមអាជ្ញាធរផង ឯកឧត្តមអភិបាលខេត្តបានចំរុញឲ្យក្រុមយុវជនបង្កចលនាសំអាត អនាម័យបរិស្ថាននៅរមណីដ្ឋានបឹងកន្សែង ហើយវាក៏ជាចលនាមួយបំផុសឲ្យប្រជាពលរដ្ឋ អាជីវករ យុវជន ទាំងអស់ចូលរួមគ្នាក្នុងការការពារបរិស្ថាន ពិសេសគឺការទុកដាក់សម្រាមនៅតាមទីកន្លែងសាធារណៈនានាឲ្យបានត្រឹមត្រូវផងដែរ ។
យុវជន ដែលបានចូលរួមជាមួយសកម្មភាពនេះបានឲ្យដឹងថា ការទុកដាក់សម្រាមមិនមែនជារឿងលំបាកនោះទេប្រសិនបើយើងមានឆន្ទៈចង់ធ្វើ ចង់ចូលរួមសំអាតបរិស្ថាន ។ ពួកគេបន្តថា យើងគួរចូលរួមគ្នាទទួលខុសត្រូវម្នាក់បន្តិចៗនោះបរិស្ថានយើងនឹងលែងមានថង់ប្លាស្ទិកហោះហើរពាសវាលពាសកាលទៀតហើយ ៕
ដោយ៖ អ៊ុច សាវុទ្ធ