ខេត្តបាត់ដំបង ៖ ជនសង្ស័យ២នាក់ ក្នុងនោះម្នាក់ជាមុខសញ្ញាចាស់ ទើបចេញពីពន្ធនាគាររយៈពេល៦ខែ ត្រូវបានកម្លាំងសមត្ថកិច្ច តាមប្រមាញ់រហូតផ្ទុះអាវុធចំនួន២គ្រាប់ ទើបឈានដល់ការឃាត់ខ្លួន ដោយឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនជិត៦គីឡូក្រាម។
ករណីផ្ទុះអាវុធ ឈានដល់ឃាត់ខ្លួនជនសង្ស័យនេះ កើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចរង្វង់មូលរំសាយសក់ ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចក្រុងបាត់ដំបង បានឲ្យដឹងថា៖ នៅមុនពេលឃាត់ខ្លួនជនសង្ស័យ២នាក់នេះ កម្លាំងសមត្ថកិច្ចក្រុង បានផ្ទុះអាវុធខ្លីចំនួន២គ្រាប់ដើម្បីជាការបាញ់កំញើញចាប់ឃាត់រថយន្ត១គ្រឿងម៉ាកនីសាន់ ដែលសង្ស័យថា មានផ្ទុកគ្រឿងញៀន។
ប្រភពបន្តថា ពេលឆែកឆេរជាក់ស្ដែងនោះ បានរកឃើញសារធាតុញៀនទម្ងន់ជិត៦គីឡូក្រាម។ ចំណែកជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់នោះ ត្រូវបានគេស្គាល់ ឈ្មោះហឿន ឧត្តម ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងនិងខេត្តបាត់ដំបង ជាមុខសញ្ញាចាស់ ទើបតែចេញពីពន្ធនាគារមិនបានប៉ុន្មានខែប៉ុណ្ណោះ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅស្នងការខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់៕
ដោយ៖ ស រស្មី