ភ្នំពេញ ៖ មានភាពភ្ញាក់ផ្អើល ក្រោយឃើញបុរសម្នាក់ដេកស្លាប់នឹងមុខផ្ទះប្រជាពលរដ្ឋនៅក្បែសណ្ឋាគារថៃប៉ុនរ៉ុង ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោង៥ភ្លឺ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះលេខ៨២E ខាងកើតសណ្ឋាគារថៃប៉ុនរ៉ុង ប្រមាណ៦០ម៉ែត្រ តាមបណ្តោយផ្លូវលេខ៤០៤ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។
សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ ជួន វណ្ណា ហៅចេះ អាយុ ៤០ ឆ្នាំ មុខរបររត់កង់បី និងដឹកបន្លែឲ្យគេ ស្នាក់នៅលើប៉ាអ៊ី មុខផ្ទះប្រជាពលរដ្ឋ មានស្រុកកំណើតនៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងម៉ូតូកង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពែញ 1HB-0120 ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមកពីស្រុកវិញ ហើយតែងតែត្អូញប្រាប់សន្តិសុខនៅក្បែរថា មិនសូវស្រួលខ្លួន ហើយជនរងគ្រោះខំរកលុយបាន១៤ម៉ឺនរៀល និង៣ដុល្លារ សន្សំទុកឲ្យប្រពន្ធ តែមិនទាន់បានឲ្យប្រពន្ធផង នៅថ្ងៃទី១៨ ម៉ោង ៨យប់ ក៏ត្អូញត្អែរប្រាប់ទៀតថា មិនសូវស្រួលខ្លួន គិតទៅរកឲ្យគេកោសខ្យល់ ប៉ុន្តែមិនបានទៅកោសខ្យល់នោះទេ ក៏ទាញប៉ាអ៊ីមកដេករហូតដល់ម៉ោង៥ភ្លឺទើបសន្តិសុខ មកដាស់ តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គនិងគាំងបេះដូង ហើយបានប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ