ភ្នំពេញ៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមន្ទីរពេទ្យជោរៃភ្នំពេញ បានចុះហត្ថលេខា MOU លើអនុស្សារណៈយោគយល់គ្នា ជាមួយមន្ទីរពេទ្យជោរៃភ្នំពេញ ក្នុងគោលបំណង ដើម្បីបង្កើន និងចែករំលែកនូវបច្ចេកទេស ផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើង ក្នុងការយកទៅប្រើប្រាស់ ដើម្បីព្យាបាលប្រជាពលរដ្ឋកម្ពុជាឲ្យមានប្រសិទ្ធភាពខ្ពស់ ។ ពិធីចុះហត្ថលេខានេះមានការចូលរួមពីលោក ញៀន ហុងណាម អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ និងលោកសុខផុន វឌ្ឍនៈ នាយកសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យជោរៃភ្នំពេញ។
លោក ញៀន ហុងណាម អគ្គនាយកមន្ទីរពេទ្យជោរ៉ៃភ្នំពេញ បានបញ្ជាក់ថា៖ ជាហេតុដែលនាំឲ្យស្ថាប័នទាំងពី ចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នានេះ គឺនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ក្នុងការសហការគ្នា រវាងភាគីទាំងពីរ ដើម្បីធ្វើការផ្លាស់ប្ដូរបទពិសោធន៍ ផ្នែកវិទ្យាសាស្រ្ដ សុខាភិបាលពីគ្នាទៅវិញទៅមក និងបង្កើតជាសិក្ខាសាលា បើកវគ្គសិក្សាខ្លីៗ ដើម្បីចែករំលែកនូវបច្ចេកទេសថ្មីៗ ស្តីពីស័យវិទ្យាសាស្ត្រឲ្យរីកចម្រើនទៅថ្ងៃខាងមុខ។
លោកបន្តថា៖ គោលបំណង នៃការបង្កើតមន្ទីរពេទ្យនេះឡើង គឺដើម្បីព្យាបាលប្រជាជនកម្ពុជានិងដើម្បីចែករំលែក នូវបច្ចេកវិទ្យាវេជ្ជសាស្ត្រ ជូនដល់ក្រុមវេជ្ជបណ្ឌិតនៅកម្ពុជាផងដែរ។បច្ចុប្បន្នមន្ទីរពេទ្យទទួលអ្នកជំងឺមកព្យាបាល ក្នុងរយៈពេល២ឆ្នាំមកនេះ មានចំនួន ១០ម៉ឺននាក់ ហើយ មន្ទីរពេទ្យទទួលបានអ្នកជំងឺកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយការព្យាបាលលើបញ្ហាជំងឺ ក៏មានការព្យាបាលលើជំងឺ កាន់តែលំបាកជាមុនផងដែរ។
លោក សុផុន វឌ្ឍនៈ នាយកសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានបញ្ជាក់ថា៖ វត្តមានមន្ទីរពេទ្យជោរៃនៅភ្នំពេញនេះ គឺស្របពេលជាមួយនឹងបរិបទនៅក្នុងប្រទេសកម្ពុជាស្របពេលដែលសមារណកម្មអាស៊ាន បាននឹងកំពុងចាប់ផ្តើម ។ លោកបន្ដថា៖ នេះជាមូលហេតុដែលនាំឲ្យ ភាគីទាំងពីចាប់ដៃគ្នា ធ្វើការអភិវឌ្ឍ ធនធានមនុស្សឡើង ហើយចុះហត្ថលេខានេះ គឺនឹងជួយគាំទ្រផងដែរ ដល់វិស័យអប់រំផ្នែកវិទ្យាសាស្ត្រដល់និស្សិតកម្ពុជា ដែលបាននឹងកំពុងសិក្សាហើយ នឹងយកចំណេះដឹង និងជំនាញទៅប្រើ ប្រាស់ ក្នុងការព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅពេលខាងមុខ ប្រកប ដោយប្រសិទ្ធិភាពខ្ពស់ ។
លោកបន្ដថា៖ ជាមួយនឹងការចុះ MOU ជាមួយនឹងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យជោរៃភ្នំពេញ នឹងបន្ដបង្កើនបើកវគ្គបណ្តុះបណ្តាល ជាមួយ នឹងស្ថាប័នដទៃទៀតរបស់កម្ពុជា ដើម្បីចែករំលែកនូវបទពិសោធន៍ លើវិស័យវិទ្យាសាស្ត្រ ដែលតែងតែមានបញ្ហាថ្មីៗ កើតឡើងជាបន្តបន្ទាប់ នៅកម្ពុជា ដូច្នេះយើងត្រូវរួមដៃគ្នាដើម្បីបញ្ជៀសនូវបញ្ហាទាំងអស់នេះឲ្យបានទៅថ្ងៃក្រោយ៕
ដោយ៖ សំរិត