ភ្នំពេញ ៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថារយៈពេលប៉ុន្មានថ្ងៃនេះមានគេរាយការណ៏ថា មានក្រុមឈ្មួញរកសុីឈើ និងមន្ត្រីកសិកម្មមួយក្រុមកំពុងញាប់ដៃញាប់ជើងរត់ការចុះឡើងៗដើម្បីបានសិទ្ធិទិញឈើក្នុងតម្លៃថោកៗពីរដ្ឋក្រោមរូបភាពដេញថ្លៃសិប្បនិម្មិត(ដេញថ្លៃតែលើក្រដាស)ដើម្បីបានលុយសល់ទុកគ្រាន់ចែកគ្នាចាយក្រៅ។
អ្នករាយការណ៍ខាងលើបានសំណូមពរសូមអោយលោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជួយទប់ស្កាត់ករណីកន្ទេលធំបន្លំដេកនេះផង បើមិនដូច្នេះទេ ច្បាស់ជារដ្ឋបាត់បង់ថវិកាដោយសារមន្ត្រីថ្នាក់ក្រោមទាំងនោះឃុបឃិតគ្នាធ្វើរបាយការណ៏ភូតថ្នាក់លើដើម្បីប្រគល់ឈើដែលគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិធ្វើការបង្ក្រាបបាននាពេលកន្លងមកទៅអោយក្រុមហ៊ុនមួយក្រោមរូបភាពដេញថ្លៃចងមុងក្នុងតម្លៃថោកៗៗៗៗជាមិនខានឡើយ។
អ្នករាយការណ៍បានបញ្ជាក់ថា ឈើដែលបានមកពីការបង្ក្រាបបទល្មើសធនធានធម្មជាតិនាពេលកន្លងមកដែលបច្ចុប្បន្នរក្សាទុកនៅខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ហើយយោងតាមគណៈកម្មការរដ្ឋបាលព្រៃឈើចុះត្រួតពិនិត្យ និងវាយតម្លៃកាលពីចុងឆ្នាំ២០១៩ កន្លងមកបានធ្វើរបាយការណ៏រាយ ការណ៏ជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ដែលមានចំនួនជាង៧ពាន់ម៉ែត្រគូប ដែលមានតម្លៃមូលដ្ឋានស្មើទឹកប្រាក់ជាង៤ពាន់លានរៀលឯណោះដើម្បីធ្វើការដាក់ពិគ្រោះថ្លៃ(ដេញថ្លៃ)ប្រមូលថវិកាបង់ចូលរដ្ឋ ព្រោះចូលដល់រដូវក្ដៅឈើដែលរក្សាទុកនៅទីតាំងទាំងអស់នោះងាយនឹងរងនូវហានិភ័យភ្លើងឆេះខូចខាត។ប៉ុន្តែប៉ុន្មានថ្ងៃនេះ មានឈ្មួញ និងមន្ត្រីមួយក្រុមបានខ្សឹបខ្សៀវគ្នារៀបចំផែនការរត់ការទិញឈើខាងលើក្នុងតម្លៃថោកតែម្ដងដោយគេប្រើរូបភាពដេញថ្លៃសិប្បនិម្មិតតែលើក្រដាសដែលអាចអោយរដ្ឋបាត់បង់ចំណូលជាច្រើន។
អ្នកដឹងរឿងបានសូមអោយ នគរវត្តជួយខ្សឹបដើម្បីអោយបានដឹងដល់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទានជ្រាបនឹងជួយមានវិធានការទប់ស្កាត់ពីគម្រោងការដេញថ្លៃតាមបែបសិប្បនិម្មិតដោយលក់ឈើទៅអោយឈ្មួញក្នុងតម្លៃថោកជាងដាក់អោយដេញថ្លៃជាសាធារណៈពិតប្រាកដនេះផង៕ ដោយ ៖ ដំថ្ម