កន្លងមកភ្លើងឆេះព្រៃគ្រប់ដណ្តប់នៅក្នុងរដ្ឋ NSW និងរដ្ឋមួយចំនួនទៀត ប៉ុន្តែនៅពេលនេះភ្លើងឆេះព្រៃបានកើតឡើងនៅក្នុងរដ្ឋធានីCanberra បង្ខំឲ្យរដ្ឋាភិបាល ប្រកាសអាសន្នជាថ្មី ។
អាជ្ញាធរអូស្ត្រាលី នៅថ្ងៃ៣១ខែមករាបានប្រកាសភាពអាសន្នសម្រាប់រដ្ឋធានីកង់បេរ៉ា (Canberra) និងតំបន់ក្បែរខាង ខណៈការកើនឡើងសីតុណ្ហភាព និងខ្យល់បក់ខ្លាំង អាចនឹងបង្កឱ្យភ្លើងឆេះព្រៃរីករាលដាលដល់កម្រិតមួយ ដែលក្រុមអ្នកពន្លត់អគ្គិភ័យ មិនអាចគ្រប់គ្រងបាន។
បើតាមក្រុមមន្ត្រីអូស្រ្តាលី ភ្លើងឆេះព្រៃដែលកំពុងស្ថិតនៅក្រៅការគ្រប់គ្រង ក្នុងតំបន់ភាគខាងត្បូងនៃរដ្ឋធានីកង់បេរ៉ា បានរីករាលដាលលើផ្ទៃដី១៨៥គីឡូម៉ែត្រ ក្រឡាហើយ ឬស្មើនឹង៨ភាគរយនៃដែនដីរដ្ឋធានីនេះ។ ចំណែកឯ ការប្រកាសពីភាពអាសន្ន នឹងមានរយៈពេល៧២ម៉ោង ហើយវានឹងផ្ដល់អំណាចដល់អាជ្ញាធរ ក្នុងការចេញបញ្ជាឱ្យប្រជាជនជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព បិទផ្លូវថ្នល់ និងគ្រប់គ្រងទ្រពសម្បត្តិឯកជនជាបណ្ដោះអាសន្នជាដើម។
គួរបញ្ជាក់ថា អូស្ត្រាលី បាន និងកំពុងតស៊ូប្រយុទ្ធនឹងអណ្ដាតភ្លើងឆេះព្រៃនៅទូទាំងតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន ដែលបានផ្ដាច់ជីវិតមនុស្ស៣៣នាក់ សត្វជាង១ពាន់លានក្បាលបានងាប់ រីឯផ្ទះ២,៥០០ខ្នងត្រូវបានបំផ្លាញ និងផ្ទៃដីច្រើនជាង ១១.៧លានហិកតា ត្រូវបានភ្លើងលេបត្របាក់។ គិតត្រឹមថ្ងៃសុក្រនេះ មានភ្លើងឆេះព្រៃចំនួន៥៨កន្លែងនៅក្នុងរដ្ឋ New South Wales, ២០កន្លែង នៅក្នុងរដ្ឋ Victoria និង២២កន្លែងផ្សេងទៀត នៅរដ្ឋ South Australia ខណៈក្នុងរដ្ឋ New South Wales និងរដ្ឋ Victoria មានសីតុណ្ហភាពដល់ទៅ៤០អង្សាសេ៕