បញ្ហាគ្រោះអគ្គិភ័យ ឆេះព្រៃបន្តគំរាមកំហែងអូស្ត្រាលីដដែល

ចែករំលែក៖

ប្រទេសអូស្ត្រាលី៖ កន្លងមកភ្លើងឆេះព្រៃគ្របដណ្តប់នៅក្នុងរដ្ឋ NSW និងរដ្ឋមួយចំនួនទៀត ប៉ុន្តែនៅពេលនេះភ្លើងឆេះព្រៃបានកើតឡើងនៅក្នុងរដ្ឋធានី Canberra បង្ខំឲ្យរដ្ឋាភិបាល ប្រកាសអាសន្នជាថ្មី។

អាជ្ញាធរអូស្ត្រាលី នៅថ្ងៃ៣១ខែមករា បានប្រកាសភាពអាសន្នសម្រាប់រដ្ឋធានីកង់បេរ៉ា (Canberra) និងតំបន់ក្បែរខាង ខណៈការកើនឡើងសីតុណ្ហភាព និងខ្យល់បក់ខ្លាំង អាចនឹងបង្កឱ្យភ្លើងឆេះព្រៃរីករាលដាលដល់កម្រិតមួយ ដែលក្រុមអ្នកពន្លត់អគ្គិភ័យ មិនអាចគ្រប់គ្រងបាន។

បើតាមក្រុមមន្ត្រីអូស្រ្តាលី ភ្លើងឆេះព្រៃដែលកំពុងស្ថិតនៅក្រៅការគ្រប់គ្រង ក្នុងតំបន់ភាគខាងត្បូងនៃរដ្ឋធានីកង់បេរ៉ា បានរីករាលដាលលើផ្ទៃដី១៨៥គីឡូម៉ែត្រ ក្រឡាហើយ ឬស្មើនឹង៨ភាគរយនៃដែនដីរដ្ឋធានីនេះ។ ចំណែកឯ ការប្រកាសពីភាពអាសន្ន នឹងមានរយៈពេល៧២ម៉ោង ហើយវានឹងផ្ដល់អំណាចដល់អាជ្ញាធរ ក្នុងការចេញបញ្ជាឱ្យប្រជាជនជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព បិទផ្លូវថ្នល់ និងគ្រប់គ្រងទ្រពសម្បត្តិឯកជនជាបណ្ដោះអាសន្នជាដើម។

គួរបញ្ជាក់ថា អូស្ត្រាលី បាន នឹងកំពុងតស៊ូប្រយុទ្ធនឹងអណ្ដាតភ្លើងឆេះព្រៃនៅទូទាំងតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន ដែលបានផ្ដាច់ជីវិតមនុស្ស៣៣នាក់ សត្វជាង១ពាន់លានក្បាលបានងាប់ រីឯផ្ទះ២,៥០០ខ្នងត្រូវបានបំផ្លាញ និងផ្ទៃដីច្រើនជាង ១១.៧លានហិកតា ត្រូវបានភ្លើងលេបត្របាក់។ គិតត្រឹមថ្ងៃសុក្រនេះ មានភ្លើងឆេះព្រៃចំនួន៥៨កន្លែងនៅក្នុងរដ្ឋ New South Wales, ២០កន្លែង នៅក្នុងរដ្ឋ Victoria និង២២កន្លែងផ្សេងទៀត នៅរដ្ឋ South Australia ខណៈក្នុងរដ្ឋ New South Wales និងរដ្ឋ Victoria មានសីតុណ្ហភាពដល់ទៅ៤០អង្សាសេ៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print