គ្រាន់តែកាត់ផ្តាច់ជើងហោះហើរធ្វើឲ្យចិន និងប្រទេសជាច្រើន ខាតបង់សេដ្ឋកិច្ចរាប់រយលានដុល្លារ ។ មិន តែប៉ុណ្ណោះទីផ្សារមូលប័ត្រ(ភាគហ៊ុន)នៅចិនធ្លាក់ចុះយ៉ាងខ្លាំងដោយ វីរុសកូរ៉ូណា ។
ទីផ្សារភាគហ៊ុនចិន បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីថ្ងៃទី២៣ ខែមករា រហូតមកដល់ពេលនេះ ហើយពិភពលោកបានបិទជើងហោះហើររបស់ខ្លួនដោយទុកប្រទេសចិនឲ្យនៅតែឯង លើកលែងតែកម្ពុជាមួយប៉ុណ្ណោះ។
ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន បានកើតឡើង រហូតដល់៣៦១នាក់ និងមានអ្នកឆ្លងវីរុសនេះ កើនឡើងប្រហែល២ម៉ឺននាក់។ រីឯទីផ្សារភាគហ៊ុន និងទំនិញផ្សេងៗ នៅក្នុងទីផ្សាររបស់ប្រទេសចិន ថ្ងៃទី៣ ខែមករា ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ដោយសារវិនិយោគិននានា កំពុងតែខ្វាយខ្វល់អំពីសុវត្ថិភាព និងសុខភាពរបស់ពួកគេ សំខាន់ជាងវិស័យពាណិជ្ជកម្មទៅទៀត។
ទីផ្សារភាគហ៊ុន និងទីផ្សារទំនិញ នៅក្នុងប្រទេសចិន បានដាំក្បាលចុះ ចាប់តាំងពីថ្ងៃទី២៣ ខែមករា ដោយ សារតែការផ្ទុះមេរោគផ្លូវដង្ហើមដ៏កាចសាហាវកូរ៉ូណា នៅក្នុងទីក្រុងវូហាន (Wuhan) ខេត្ត ហូប៉ី (Hubei) ប្រទេសចិន។
បើយោងតាមគណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បានថ្លែងថា បើគិតត្រឹម ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន បានកើតឡើង រហូតដល់៣៦១នាក់ និងអ្នកឆ្លងជំងឺនេះ បានកើនឡើង ១៧.២០៥នាក់។ រីឯអង្គការសុខភាពពិភពលោករបស់អង្គការសហប្រជាជាតិ ក៏បានប្រកាសអាសន្នអំពីវីរុសកូរ៉ូណា នេះផងដែរ។
យោងតាមការគណនារបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឱ្យដឹងថា សន្ទស្សន៍ទីផ្សារសៀងហៃ បានធ្លាក់ចុះ៨ភាគរយ ជាកម្រិតទាប ក្នុងរយៈពេលមួយឆ្នាំ កាលពីថ្ងៃចន្ទ ទី៣ ខែមករា ដោយបានខាតបង់ជិត ៣៧០ពាន់លានដុល្លារអាមេ៉រិក។ ដោយឡែក ជើងហោះនានារបស់ពិភពលោក បានរឹតបន្ដឹងការហោះហើរទៅកាន់ប្រទេសចិន រួមមាន អាមេ៉រិក ថៃ ជប៉ុន ហុងកុង អូស្រ្ដាលី សិង្ហបុរី…ជាដើម។
ដើម្បីទប់ស្កាត់ការធ្លាក់ចុះ សេដ្ឋកិច្ចពាណិជ្ជកម្ម ដែលគំរាមកំហែងដោយមេរោគកូរ៉ូណាថ្មី ធនាគារកណ្តាលចិនបានប្រកាសបញ្ចេញលុយជាង ១៧១.០០០លានដុល្លារ។
ប្រតិបត្តិការបញ្ចេញប្រាក់របស់ធនាគារកណ្តាលនឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី៣ កុម្ភៈ ពោលគឺចំថ្ងៃដែលផ្សារមូលបត្របើកទ្វារជាថ្មី បន្ទាប់ពីបានឈប់សម្រាកក្នុងពេលបុណ្យចូលឆ្នាំថ្មី និងបានពន្យារពេលបិទទ្វារដោយសារមេរោគកូរ៉ូណាថ្មី។ ធនាគារកណ្តាលចិនបានពន្យល់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយក្នុងថ្ងៃអាទិត្យ ទី២ កុម្ភៈថា អន្តរាគមន៍របស់ខ្លួនមានគោលដៅជួយរក្សាបរិមាណសាច់ប្រាក់សមហេតុផលនៅលើទីផ្សារសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុ និងសម្រាប់ស្ថិរភាពទីផ្សារប្តូរប្រាក់។ ក្នុងថ្ងៃសៅរ៍ ទី១ កុម្ភៈ ធនាគារកណ្តាលចិនក៏បានប្រកាសចេញនូវវិធានការមួយចំនួនដើម្បីទំនុកបម្រុងដល់ក្រុមហ៊ុន សហគ្រាសដែលរួមចំណែកនៅក្នុងយុទ្ធនាការប្រឆាំងនឹងមេរោគកូរ៉ូណាថ្មី។
មេរោគកូរ៉ូណាថ្មីដែលកំពុងមានសន្ទុះកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងប្រទេសចិនក៏ដូចជានៅប្រទេសមួយចំនួនក្នុងលោក។ តាមក្រុមអ្នកវិភាគ មេរោគផ្លូវដង្ហើមមួយនេះបានធ្វើឲ្យចិនបាត់បង់ទឹកប្រាក់សរុបជាង ១៤០.០០០លានដុល្លារនៅក្នុងវិស័យសំខាន់ៗជាច្រើន ពិសេសទៀតទេសចរ និងភោជនីយដ្ឋាន។ ចិនដែលកំពុងមានកំណើនសេដ្ឋកិច្ចទាបខ្លាំងគិតក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយសង្ឃឹមមានសន្ទុះឡើងវិញ បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយអាមេ៉រិកកាលពីខែមករាក្នុងជម្លោះសង្រ្គាមពាណិជ្ជកម្ម។ តែក្តីសង្ឃឹមហាក់កំពុងញាំញីដោយមេរោគកូរ៉ូណាថ្មី។ រហូតមកដល់ពេលនេះ ធនាគារកណ្តាលចិនបានបញ្ជាក់ពីផលវិបាកសេដ្ឋកិច្ចមានកម្រិត។
តែអ្នកជំនាញមួយចំនួននៅចិន ដូចយ៉ាងលោក Zhang Mongមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនដែលកាសែតអង់គ្លេស The Guardian បានស្រង់សម្តីយល់ឃើញថា កំណើនសេដ្ឋកិច្ចចិនប្រចាំឆ្នាំចិនសម្រាប់ត្រីមាសទី១ ឆ្នាំ ២០២០ អាចធ្លាក់នៅក្រោម ៦%។
គួររម្លឹកថា ចិនធ្លាប់បានហែលឆ្លងដោយជំងឺសារស៍លើកទី១ ក្នុងឆ្នាំ ២០០២។ តែខុសពីជំងឺសារស៍ រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ចេញប្រតិកម្មយ៉ាងលឿនដើម្បីប្រឆាំងនឹងមេរោគកូរ៉ូណាថ្មីដោយបានចំណាយប្រាក់ចំនួន ៩.០០០លានដុល្លារ។ តែគេត្រូវហ៊ានទទួលស្គាល់ថា ចិនសព្វថ្ងៃជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងលោក។
បើមេរោគផ្លូវដង្ហើមថ្មីនេះរីករាលដាលកាន់តែធំ ផលវិបាកសេដ្ឋកិច្ចនឹងមានកាន់តែខ្លាំងនៅក្នុងតំបន់អាស៊ីដែលបានរងគ្រោះស្រាប់ និងនៅលើពិភពលោកដែលផលិផលចំនួន ១ភាគ៤ ផលិតក្នុងប្រទេសចិន៕ ធី រីណា