រញ្ជួយដីគម្រិត៥,២រិចទ័រកើតឡើងនៅក្នុងតំបន់ភាគនិរតីប្រទេសចិន ស្ថិតនៅក្នុងខេត្តស៊ីឈួនបង្កក្តីបារម្ភយ៉ាងខ្លាំងពីពលរដ្ឋ ខណៈជំងឺឆ្លងកូរ៉ូណាកំពុងតែវាយលុកប្រទេសចិន។ មនុស្សជាច្រើនបានលើកឡើងថា ពិតជាសំណាង រញ្ជួយដីកើតឡើងក្រៅពីទីក្រុងវូហាន បើកើតឡើងនៅទីនោះវិញ ពលរដ្ឋមិនដឹងជាទៅរស់នៅទីណាឡើយ នៅក្នុងផ្ទះគ្រោះថ្នាក់ចេញក្រៅខ្លាចឆ្លងវីរុសកូរ៉ូណា។
គ្រោះរញ្ជួយដីនេះស្ថិតនៅក្នុងសង្កាត់ Qingbaijiangដែលជាសង្កាត់មួយក្នុងចំណោមទាំងអស់១១សង្កាត់ ស្ថិតនៅទីក្រុង Chengdu ខេត្តស៊ីឈួន (Sichuan) ភាគនិរតីរបស់ប្រទេសចិន នៅអំឡុងម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ។
ក្រុមសិក្សាស្រាវជ្រាវអំពីគ្រោះរញ្ជួយដី និងភូមិសាស្ត្រអាមេរិក (USGS)បានបញ្ជាក់ថា ការរញ្ជួយដីមានជម្រៅ៩គីឡូម៉ែត្រពីក្រោមដី។ សារព័ត៌មានស៊ីនហួបានផ្សាយថា ក្រុមជួយសង្គ្រោះ១៥០នាក់ និងយានយន្ត៣៤ គ្រឿងត្រូវបញ្ជូនទៅកាន់តំបន់គ្រោះរញ្ជួយដីដីដើម្បីអន្តរាគមន៍ ។
នៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកុម្ភៈ មិនទាន់មានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ដល់អាយុជីវិត ឬការបាក់រលំអគារបណ្តាលមកពីគ្រោះរញ្ជួយដីនៅពេលនេះនៅឡើយទេ ។
នៅពេលនេះដែរ មន្ទីរពេទ្យថ្មីដែលទើបតែសាងសងរួច បានចាប់ផ្តើមដំណើរការដើម្បីជួយសង្គ្រោះដល់ពល រដ្ឋដែលឆ្លងវីរុសកូរ៉ូណា។តាមបទបញ្ជាររបស់ប្រធានាធិបតី ស៊ី ជីងពីន ពេទ្យយោធា១៤០០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យថ្មី។
មន្ទីរពេទ្យថ្មី ប្រើពេលវេលាសាងសង់តែ១០ថ្ងៃប៉ុណ្ណោះ ដោយមាន១ពាន់បន្ទប់ ចាប់ផ្តើមដំណើរការនៅថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០១៩ ។ មន្ទីរពេទ្យឈ្មោះHuoshenshan អាចជួយសម្រាល់ដល់ មន្ទីពេទ្យផ្សេងៗ ដែលមានអ្នកជំងឺលើសចំណុះមិនអាចទទួលអ្នកជំងឺ ពិសេសគឺជំងឺកូរ៉ូណា ។
ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ចិនបានសាងសង់មន្ទីរពេទ្យបណ្ដោះអាសន្នចំនួនពីរគឺ មន្ទីរពេទ្យ Huoshenshanនិងមន្ទីរពេទ្យ Leishenshanចាប់តាំងពីថ្ងៃទី២៣ ខែមករា មកម្ល៉េះ។ ចំនួនអ្នកសា្លប់ដោយសារវីរុសកូរ៉ូណា នៅប្រទេសចិនបានកើនដល់ ៣៦២ នាក់ហើយ និងច្រើនជាង ១៧,២០៩នាក់បានឆ្លង ហើយក្នុងនោះ ៤៧៥នាក់ បានត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ ការឆ្លងបានកើតមានឡើងនៅខេត្ត និងតំបន់ស្វយ័តចំនួន ៣១របស់ចិន ប៉ុន្តែទីក្រុងវូហាន និងខេត្តហ៊ូប៉ី នៅតែជាកន្លែងដែលការឆ្លង និងស្លាប់ច្រើនបំផុត ៕