ប្រជាពលរដ្ឋថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញៈ ដោយមើលឃើញពីការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ-ចិត្ត របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្ន្នំពេញ ក្នុងការអភិវឌ្ឍរាជធានីជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាឲ្យមានសោភ័ណភាពស្រស់បំព្រងជាទីទាក់ទាញភ្ញៀវជាតិ អន្តរជាតិ លោក ឃឹម សំខាន់ អាយុ៧៧ឆ្នាំ ព្រមទាំងក្រុមគ្រួសារ ជាប្រជាពលរដ្ឋរស់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានលើកដៃប្រណម្យម្រាម១០ សម្តែងការត្រេកអរ និងដឹងគុណជាអនេកកប្បការរកអ្វីប្រៀបផ្ទឹមពុំបានចំពោះអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ។

ថ្លែងប្រាប់អ្នកយកព័ត៌មានកាសែតនគរវត្តកាលពីរសៀលថ្ងៃ ចន្ទ ១០ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ២០២០ លោក ឃឹម សំខាន់ បានបញ្ជាក់ថា លោកមានមោទនភាព និងត្រេកអរខ្លាំងណាស់កាលបើបានដឹងថា លោកអភិបាលរាជភ្នំពេញបានប្រឹងប្រែងស្នើសុំទៅគណៈរដ្ឋមន្រី្តនូវគម្រោងអភិវឌ្ឍន៍ផ្លូវបេតុង២ខ្សែអមសងខាងផ្លូវរថភ្លើងចាប់ពីផ្លូវគឹមអ៊ីលស៊ុងខណ្ឌទួលគោក ដល់ផ្លូវឈ្នះ ឈ្នះ ខណ្ឌពោធិ៍សែនជ័យ មានចម្ងាយជាង១០គីឡូម៉ែត្រ ដើម្បីងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរ និងបញ្ចៀសនៃការកកស្ទះចរាចរណ៍បានមួយកម្រិតធំនាពេលអនាគត ។

លោក ឃឹម សំខាន់ បានបញ្ជាក់ទៀតថា នេះជាការខិតខំប្រឺងប្រែងប្រកបដោយមនសិការជាតិក្នុងការស្រលាញ់ប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម ខណៈដែលមានអភិបាលរាជធានីច្រើននាក់មកហើយចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ មក គឺនៅមិនទាន់អភិបាលរាជធានីភ្នំពេញណាម្នាក់បានគិតគូរដល់ការអភិវឌ្ឍផ្លូវបេតុងរឹងមាំ តាមសងខាងផ្លូវរថភ្លើងដូចពេលនេះទេ ដូច្នេះរូបលោក និងក្រុមគ្រួសារ សូមប្រសិទ្ធពរជ័យជូនចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមទទួលបានជោគជ័យគ្រប់ភារកិច្ចនិងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីខាន។

ទន្ទឹមនេះដែរ រូបលោកផ្ទាល់រួមជាមួយក្រុមគ្រួសារសង្ឃឹមថាគម្រោងស្នើសុំទៅគណៈរដ្ឋមន្ត្រីក្នុងការអភិវឌ្ឍផ្លូវបេតុងរឹងមាំតាមសងខាងផ្លូវរថភ្លើងខាងលើនេះនឹងទទួលបានជោគជ័យជាមិនខាន និងសូមថ្លែងនូវការដឹងគុណជាអនេកកប្បការចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គ្រាដែលសម្តេចដឹកនាំប្រទេសពីបាតដៃទទេ ឈានទៅរកភាពជឿនលឿននិងការរីកចម្រើនដូចសព្វថ្ងៃនេះ ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print