ភ្នំពេញ៖ យុវជនម្នាក់ក្នុងចំណោម៣នាក់ បានរងរបួសធ្ងន់ដោយសារតែត្រូវជនសង្ស័យមួយក្រុមមានគ្នា៥នាក់ជិះម៉ូតូ២គ្រឿង ជិះមកជិតកៀរដកខ្សែក្រវាត់វាយឱ្យដួល និងដកកាំបិតកាប់ប្លន់យកម៉ូតូនិចបានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាព ។
ករណីកាប់ប្លន់យកម៉ូតូខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ មុខវិទ្យាស្ថានថែទាំវិជ្ជសាស្ត្រ តាមបណ្តោយផ្លូវសហព័ន្ឋរ៉ុស្សី ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ជនរងគ្រោះដែលរងនូវការកាប់ប្រហារមានឈ្មោះ មុំ សាវី អាយុ២៤ឆ្នាំ មានមុខរបរជានិស្សិត បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
បើតាមសម្តីរៀបរាប់ពីមិត្តភក្តិជនរងគ្រោះដែលរួមដំណើរជាមួយបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុពួកគេទាំង៣នាក់ បានចេញពីក្នុងក្លឹបកំសាន្តថប ដោយជិះម៉ូតូនិច ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1CA-2587 ជិះឌុបគ្នាតាមបណ្តោយផ្លូវលេខ២៧១ បំណងត្រឡប់ទៅផ្ទះវិញ ខណះមកដល់ចំណុចកើតហេតុក៏ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៥នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកនិច និងហុងដាឌ្រីម សេ១២៥ ជិះមកគៀរនិងយកខ្សែក្រវ៉ាតវាយបណ្តាលឱ្យដួល ហើយបានយកកាំបិតកាប់មកលើជនរងគ្រោះជាច្រើនកាំបិតបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហូរឈាមស្រោចពេញខ្លួន ហើយជនសង្ស័យក៏បានលើកម៉ូតូជិះគេចខ្លួនបាត់តែម្តង ។
ប្រភពបន្តថា បន្ទាប់ពីកើតហេតុគេក៏បានហៅម៉ូតូឌុបឱ្យមកដឹកមិត្តភក្ត្ររបស់ខ្លួនដែលរងរបួស ទៅព្យាបាលនៅមន្ទីរពេទ្យចំរើនបញ្ញា ទើបទៅដាក់ពាក្យបណ្តឹងនៅបុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក នាពេលក្រោយ ៕
ដោយ៖ ភារ៉ា ដង្កោ