ភ្នំពេញ: កម្មករ៣នាក់បានរងរបួសធ្ងន់ស្រាលក្នុងករណីធ្លាយសុីទែនហ្គាសបង្ករជាអគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងហ្គារ៉ាស់សាំងតេលា យុីហោសម្បត្តិមានហេង ភ្លាមៗនោះសមត្ថិច្ចចុះអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ទើបអាចគ្រប់គ្រងបានដោយមិនឆេះរាលដាលទៅទីតាំងផ្សេងនោះឡើយ ។
ហេតុការឆេះហ្គាសដែលធ្លាយចេញពីស៉ីទែននេះបានកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ក្បែរ វត្ថនិរោធន៍ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពី សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ហ្គារ៉ាស់សាំងមានឈ្មោះ ព្រំ សុផាន់ណា ភេទស្រីអាយុ៣៥ឆ្នាំ ជាជនជាតិខ្មែរ។ ប្រភពបន្ដពីបុកលិគ្គដែលនៅកន្លែងកេីតហេតុបានអោយដឹងថា ដំបូងឡេីយពួកគេបានឃេីញមានភ្លេីងចេញពីសុីទែនហ្គាសដ៏ធំមួយចំណុះ១២០០០លីត្រ ក្នុងការ៉ាស់សាំងតេលា យុីហោសម្បត្តិមានហេង ដោយបានដឹងថា សុីទែនហ្គាសនេះបានធ្លាយហ្គាសចេញក្រៅបង្ករចេញជាអណ្ដាតភ្លេីងឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ខណះ ពេលនោះពួកគាត់ក៏នាំគ្នាយកបំពង់ពន្លត់អគ្គីភ័យកមកបាញ់ពន្លត់តែមិនរលត់ទេីបទំនាក់ទំនងទៅសមត្ថកិច្ចដេីម្បីជួយអន្តរាគមន៍ជាបន្ទាន់។
ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចផ្នែកអន្តរាគមន៍បង្ការអគ្គីភ័យបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅធ្វើការបាញ់ពន្លត់ដោយប្រើពេលវេលាកន្លះម៉ោងក៏បានរលត់ទៅវិញជាស្ថាពរ ដោយប្រើទឹកសរុបអស់ចំនួន២០រថយន្ត។
ក្នុងករណីគ្រោះអគ្គីភ័យនេះដែរ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិរួមមានសម្ភារៈមួយចំនួន និងកម្មករ៣នាក់រង របួសធ្ងន់ ស្រាលបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗផងដែរ ។ រីឯមូលហេតុដែលបង្កឲ្យមានភ្លើងឆេះនេះ គឺ បណ្ដាល មកពីធ្លាយសុីទែនហ្គាសចំណុះ ១២០០០លីត្រ ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ លោកចេង មុនីរ៉ា អភិបាលនៃគណះអភិបាលខណ្ឌច្បារអំពៅអមដំណើរដោយលោក លោកស្រីអភិបាលរងខណ្ឌនិងលោកនាយករដ្ឋបាលសាលាខណ្ឌបាននាំយកអំណោយផ្តល់ដល់កម្មករចំនួន៣នាក់ដែលរងគ្រោះដោយអគ្គិភ័យ។
ក្នុងឱកាសចុះសាកសួរសុខទុក្ខដល់ប្អូនៗកម្មករនៅមន្ទីរពេទ្យកាល់ម៉ែតលោកចេង មុនីរ៉ា ក៏បានសំដែងនូវក្តីរន្ធត់និងអាណិតអាសូរដល់ប្អូនៗហើយក្នុងនោះលោកអភិបាលខណ្ឌក៏បាននាំយកផ្លែឈើ ភេសជ្ជះនិងថវិកាផ្តល់ដល់ប្អូនៗទាំង៣នាក់ឲ្យឆាប់ជាសះស្បើយពីជំងឺរលាគភ្លើងនេះ។
កម្មករទាំង៣ដែលរងរបួសនោះគឺទី១ឈ្មោះស្រួច ញៀនភេទប្រុសអាយុ១៨ឆ្នាំជាកម្មករលាងឡាន។ទី២ឈ្មោះកួង បូរ៉ា ភេទប្រុសអាយុ១៧ឆ្នាំជាកម្មករលាងឡាននិងទី៣ឈ្មោះស៊ន សុីថា ភេទប្រុសអាយុ៣៨ឆ្នាំជាបុគ្គលិកលក់ហ្គាសក្នុង ស្ថានីយ៍ចាក់ប្រេងនៅចំណុចកើត ៕ សណ្តោស