ភ្នំពេញ៖ ម្ចាស់បទ”គ្រាស្នេហ៍” លោក ថៃ អតិជាតិបុត្របានបង្ហើបពីគម្រោងចេញសម្តែងក្នុងភាពយន្តខ្នាតធំថ្មីមួយរបស់ផលិតកម្ម វីសីន(V Cine Production ) ក្នុងពេលដ៏ខ្លីខាងមុខនេះ។ លោកថានេះគឺជាក្តីស្រមៃដែលលោកមានជាយូរមកហើយដែលលោករំពឹងថានឹងទទួលបានការពេញចិត្តខ្លាំងពីទស្សនិកជនផងដែរ។
តារាចម្រៀងវ័យក្មេងស្រស់សង្ហា ថៃ អតិជាតិបុត្រ គ្រោងនឹងបង្ហាញវត្តមានក្នុងការសម្តែងភាពយន្តខ្នាតធំលើកដំបូងក្នុងពេលឆាប់ៗនេះ ដែលការចេញថតភាពយន្តត្រូវបានធ្វើឡើងក្រោយពីអាជីពសិល្បៈ ពិសេសស្នាដៃបទចម្រៀងថ្មីៗរបស់លោកកន្លងមកទទួលបានការគាំទ្រច្រើនពីទស្សនិកជន ពិសេសក្រុមយុវវ័យ។ តារាចម្រៀង វ័យ១៨ ឆ្នាំរូបនេះលើកឡើងថា មួយរយៈនេះលោកមមាញឹកច្រើននឹងការតែងនិពន្ធបទចម្រៀងថ្មីៗសម្រាប់បម្រើការកម្សាន្តរបស់អ្នកគាំទ្រ ដែលបទចម្រៀងទាំងនឹងចេញក្នុងពេលដ៏ខ្លីខាងមុខ។ តារាចម្រៀងរូបនេះបង្ហើបដែរថា លោកត្រៀមខ្លួនចេញថតភាពយន្តខ្នាតធំលើកដំបូងក្នុងអាជីពសិល្បៈចាប់ពីពាក់កណ្តាលខែកុម្ភៈនេះ ដែលជាភាពយន្តបែបភ័យរន្ធត់ លាយឡំបែបកំប្លែង ប៉ុន្តែលោកស្នើលាក់ចំណងជើងរឿងសិន។ លោកបន្តថា ការសម្រេចចិត្តថតភាពយន្តបន្ថែមពីការងារជាអ្នកចម្រៀង ដោយសារតែជាបំណងប្រាថ្នាមួយរបស់លោកជាយូមកហើយថានឹងចំណាយពេលដើម្បីថតភាពយន្តខ្នាតធំ បន្ទាប់ការងារជាពិធីករក៏លោកធ្លាប់ប្រឡូក ដូចជាក្នុងកម្មវិធីកូនក្រមុំឆ្នើមជាដើម។
លោកបន្តថា សាច់រឿងលោកទទួលបានហើយ ហើយបានធ្វើការហ្វឹកហាត់បន្ថែមដើម្បីប្រាកដថាភាពយន្តលើកដំបូងក្នុងការសម្តែង នឹងមិនធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹម ហើយលោកនៅតែជឿជាក់ថាអាចនឹងបំពេញចិត្តអ្នកគាំទ្របានច្រើន។ ក្រៅពីការសម្តែងផ្ទាល់ លោកក៏ត្រៀមនិពន្ធ និងច្រៀងបទចម្រៀងសម្រាប់ភាពយន្តនេះតែម្តង៕ ដោយ វឌ្ឍនា