លោក ផាន់ វណ្ណារ៉េត ចេញមុខបដិសេធចំពោះ Facebook ក្លែងក្លាយមួយដែលយករូប និងឈ្មោះរបស់លោក ទៅគំរាមសម្លាប់លោក ពេជ្រ ស្រស់

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក ផាន់ វណ្ណារ៉េត បានចេញមុខបដិសេធចំពោះ Facebook ក្លែងក្លាយមួយដែលបានយកឈ្មោះ និងរូបរបស់លោកទៅប្រើប្រាស់ដើម្បីគំរាមសម្លាប់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។

លោក ផាន់ វណ្ណារ៉េត បានចាត់ទុកថា ការលួចយកឈ្មោះ និងរូបលោកទៅប្រើប្រាស់ក្នុងផ្លូវមិនល្អនេះ គឺជាទង្វើទុចរិត មួលបង្កាច់មកលើរូបលោក ដែលបង្កឱ្យមានការភាន់ច្រឡំដល់ លោក ពេជ្រ ស្រស់ និងសាធារណជន។ ជាមួយគ្នានេះ លោក ផាន់ វណ្ណារ៉េត ក៏សូមស្នើដល់ស្ថាប័នមានសមត្ថកិច្ច ជួយស្រាវជ្រាវរកជនមិនស្គាល់អត្តសញ្ញាណ ដែលបានបន្លំ Facebook របស់លោកបង្ករឿងកាន់តែធំ។

សូមបញ្ជាក់ថា នៅថ្ងៃនេះ មាន Facebook មួយឈ្មោះ «វណ្ណារ៉េត ផាន់» បានផ្ញើសារជេរប្រមាថ និងគំរាមសម្លាប់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បន្ទាប់ពីលោកបានទទូចស្នើឱ្យ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពន្លឿនចំណាត់ការ តាមចាប់ឃាតកម្នាក់ ជាមន្រ្តីយោធាដែលបានសម្លាប់គូដណ្តឹងជានិស្សិតពេទ្យ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់សារព័ត៌មាន ឱ្យដឹងថា «ក្រោយមានការគំរាមសម្លាប់លើរូបខ្ញុំ ដែលខ្ញុំបានស្នើឲ្យឯ.ឧ នេត សាវឿនឲ្យពន្លឿនតាមចាប់ឃាតកសម្លាប់គូរដណ្តឹងខ្លួនឯងនោះ គឺខ្ញុំសម្រេចដាក់ពាក្យបណ្តឹង២ករណី ដូចខាងក្រោម៖ ករណីទី១៖ ប្តឹងឲ្យឯ.ឧ នេត សាវឿន ពន្លឿនតាមចាប់ឃាតកដែលសម្លាប់គូរដណ្តឹងខ្លួនឯងនោះមកដាក់ទោសឲ្យខាងតែបាន តាមផ្លូវច្បាប់នៃកម្ពុជា, ករណីទី២៖ ប្តឹងឲ្យ ឯ.ឧ នេត សាវឿន ស្រាវជ្រាវស្វែងរកជនគំរាមសម្លាប់ខ្ញុំ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន នៃ ខ្ញុំពីព្រោះថាអ្នកគំរាមគឺមិននៅឆ្ងាយពីឃាតកនោះឡើយ»។

ករណីឃាតកម្មបាញ់សម្លាប់និស្សិតពេទ្យ និងជាអ្នកលក់ឡេតាមអនឡាញម្នាក់ បានកើតឡើងនៅយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះល្វែងមួយក្នុងបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ នារីជនរងគ្រោះមានឈ្មោះ ជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យផ្នែកឡាបូ និងជាអ្នកលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចអះអាងថា មានឈ្មោះ យឺន វ៉ាន់ដេត គឺជាមន្ដ្រីយោធាពាក់ស័ក្ដិ៤ ហើយដើមចមដែលនាំឲ្យមានការបាញ់ប្រហារនេះ គេដាក់ការសង្ស័យជំនាញដំបូងថា ផ្ដើមចេញពីរឿងប្រចណ្ឌ។

តាំងពីកើតហេតុរហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ស្វែងរកចាប់ខ្លួនជនដៃដល់បាន ដើម្បីមកផ្តន្ទាទោសទៅតាមច្បាប់នៅឡើយទេ។
សូមបញ្ជាក់ថា៖ នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក ពេជ្រ ស្រស់ បានបង្ហោះលើFacebook ផ្លូវការលោកថា៖ ខ្ញុំ និងលោកផាន់ វណ្ណានឹងជួបគ្នានៅថ្ងៃស្អែក ដើម្បី សហការណ៍គ្នាស្វែងរកជនយកគំរាមសម្លាប់និងឈានទៅដាក់ពាក្យបណ្តឹងលើ
ជនអនាមិកនោះ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print