ករណីឆ្លងរាលដាលនៃវីរុសកូរ៉ូណានៅទូទាំងពិភពលោក កើនឡើងជាបន្តបន្ទាប់ ដោយពេលនេះ មានអ្នកស្លាប់៧២៤នាក់ និងឆ្លង ៣៤.០៦៧នាក់ ក្នុងនោះមានព្យាបានជាសះស្បើយត្រឡប់ទៅផ្ទះវិញ២០៨៤នាក់ហើយ។
ក្នុងរយៈពេល ២៤ម៉ោង កន្លងមកមានអ្នកស្លាប់ថ្មី៨៥នាក់ កើនឡើងជាងថ្ងៃទី៦ ខែកុម្ភៈដែលមានតែ ៧០នាក់ស្លាប់ក្នុងរយៈពេល២៤ម៉ោង។ ទាំងនោះហើយធ្វើឲ្យចំនួនអ្នកស្លាប់ កើនឡើង ៧២៤នាក់។
ចិនជាទីតាំងផ្ទុះវីរុសកូរ៉ូណា ដោយមានអ្នកស្លាប់ ទាំងអស់ ៣៤.០៦៧ (ក្នុងនោះស្លាប់៧២៣នាក់ រួមទាំងកោះហុងកុងម្នាក់ និងនៅក្រៅប្រទេសគឺហ្វីលីពីនម្នាក់) ។
ជាមួយគ្នានេះទីប្រឹក្សាពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Fabrizio Hochschild បានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់ចិន និងបណ្តាប្រទេសជុំវិញពិភពលោក ក្នុងសង្គ្រាមប្រឆាំងវីរុសកូរ៉ូណា។ ការរួមសមគ្គីគ្នា ប្រឆាំងការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ជាភស្តុតាងមួយបង្ហាញឲ្យឃើញថា កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាកម្លាំងមួយដ៏រឹងមាំ។
កាលពីថ្ងៃទី៧ ខែកុម្ភៈ ក្នុងជំនួបពិភាក្សាតាមទូរស័ព្ទប្រធានាធិបតីអាមរិក ដូណាល់ ត្រាំ ក៏បាន វាយតម្លៃខ្ពស់ចំពោះសកម្មភាពប្រឆាំងវីរុសកូរ៉ូណា របស់ចិនផងដែរ។ ជាមួយគ្នានេះ អាមេរិកក៏បានអរគុណដល់ បណ្តាអង្គការសង្គមស៊ីវិល ក្រុមហ៊ុន នៅអាមេរិក បានជួយជាសម្ភារសុខាភិបាលដល់ប្រទេសចិន ក្នុងពេលកំពុងតែមានអាសន្ន។
កាលពីថ្ងៃទី៧ ខែកុម្ភៈ ក្រុមហ៊ុន TMiRob នៅទីក្រុងសៀងហៃ ក៏បានផលិត រ៉ូបូត(Robot) សម្រាប់ សម្អាតវីរុស ហើយបានបញ្ជូន៣០គ្រឿង ទៅកាន់ទីក្រុងវ៉ូហាន ដើម្បីជួយសម្អាតវីរុស ទប់ស្កាត់ការឆ្លងរាលដាល ។
ជាមួយគ្នានេះ បណ្តាលទីក្រុងនៅទូទាំងប្រទេសចិនបាន ព្រមានដល់អ្នកដែលមានអការៈ ខុសប្រក្រតី ហើយមិនទៅត្រួតពិនិត្យ និងត្រូវទទួលខុសត្រូវទៅតាមផ្លូវច្បាប់ ប្រសិនបើរកឃើញមានវីរុស កូរ៉ូណា ហើយដើរពាសវាលពាសកាលនោះ៕