ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរីសម្រេចឃុំខ្លួនជនត្រូវចោទ៤នាក់ពាក់ព័ន្ធបទល្មើសសត្វព្រៃ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន៤រូប ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពីបទ៖ ចាប់ដោយដាក់អន្ទាក់ និងសម្លាប់សត្វព្រៃដែលជាប្រភេទមានដោយកម្រ និងជិតផុតពូជ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ តាមបញ្ញត្តិមាត្រា៥៦ និងមាត្រា៦១ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
ជនត្រូវចោទដែលត្រូវឃុំខ្លួនមាន ទី១.ឈ្មោះប៊ុត ណាំង ភេទប្រុស អាយុ៤៧ឆ្នាំ, ទី២.ឈ្មោះប៊ុត សុខ ភេទប្រុស អាយុ៤៧ឆ្នាំ, ទី៣.ឈ្មោះប៉ាវ រុង ភេទប្រុស អាយុ៣៨ឆ្នាំ និងទី៤.ឈ្មោះណាំង ណាក់ ភេទប្រុស អាយុ២២ឆ្នាំ។ អ្នកទាំង៤មានទីលំនៅបច្ចុប្បន្នរស់នៅភូមិស្រែទ្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។

គួររម្លឹកជូនថា៖ ជនត្រូវចោទទាំ៤នាក់ត្រូវបានមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួនបានខណៈជនទាំង៤នាក់នេះកំពុងជិះម៉ូតូចំនួន០៣គ្រឿង ដឹកជញ្ជូនសាច់និងសំណាកសត្វព្រៃចំនួន១ការ៉ុង នៅត្រង់ចំណុចផ្លូវលំ ក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។ ភ្លាមៗនោះ មន្រ្តីឧទ្យានុរក្សក៏បានចាប់ឃាត់ខ្លួនរួមទាំងវត្ថុតាងសំណាកសត្វឆ្មាបាចំនួន១, ជើងឈ្លូសចំនួន៣, សំណាកសាច់ព្រៃក្រៀម ទម្ងន់២០គ.ក្រ, ម៉ូតូ៣គ្រឿង និងអន្ទាក់ចំនួន២៦៤។

បច្ចុប្បន្នមន្ត្រីឧទ្យានុរក្សបាននាំយកវត្ថុតាងទៅរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការបរិស្ថាន រីឯជនត្រូវចោទទាំង៤នាក់ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print