ក្រុម​ការងារ​អង្គការ WCS និងអាជ្ញាធរមូលដ្ឋាន​ ជួយសង្គ្រោះដំរីមួយក្បាលចេញពីរណ្តៅជាលេីកទី២

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី ៖​ ក្រុមការងារអង្គការWCSដែនជម្រកសត្វព្រៃកែវសីមា និងអាជ្ញាធរមូលដ្ឋានបានជួយសង្គ្រោះដំរី
ឈ្មោលជំទង់មួយក្បាល អាយុប្រហែល ២០ឆ្នាំ ដែលធ្លាក់ចូលក្នុងរណ្តៅជ្រៅមួយស្ថិតនៅតំបន់ទីវាលនិងឫស្សីក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ដំរី​មួយក្បាលនេះ​ ត្រូវ​ជួយ​សង្គ្រោះ​នៅព្រឹកថ្ងៃ ១១ ខែកម្ភៈ ឆ្នាំ​២០២០នេះ​ ដែល ទីតាំងកើតហេតុនោះស្ថិតនៅតាមព្រំប្រទល់រវាងដែនជម្រកសត្វព្រៃកែវសីមានិងអតីតដែនជម្រកសត្វព្រៃស្នួលដែលបានទទួលរងការកាប់បំផ្លាញកាលពីជាង ១០ឆ្នាំមុន។

ពលរដ្ឋម្នាក់រស់នៅភូមិអូរអាម បាននិយាយ​អោយដឹងថា គាត់បានឮសូរសម្លេងដំរីស្រែកខ្លាំងៗស្ថិតនៅចម្ងាយប្រហែល២០០ម៉ែត្រខាងក្រោយផ្ទះរបស់គាត់កាលពីល្ងាចថ្ងៃម្សិលមិញ។ នៅព្រឹកបន្ទាប់ ម៉ោងប្រហែល ៩ព្រឹក គាត់បានដើររកមើលនិងបានប្រទះឃើញដំរីមួយក្បាលកំពុងព្យាយាមឡើងចេញពីរណ្តៅនោះ។ បន្ទាប់មក គាត់ក៏ប្រញាប់ជិះម៉ូតូមករាយការណ៍ជូនមន្ត្រីនៅស្នាក់ការដែនជម្រកសត្វព្រៃកែវសីមាអំពីហេតុការណ៍នោះ។

ក្រុម​ការងារ​នៃបុគ្គលិកអង្គការ WCS មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមា និងអាជ្ញាធរមូលដ្ឋាន ក្រោយពីទទួលបានព័ត៌មាននោះភ្លាម បានធ្វើចំណាត់ការជាបន្ទាន់ដើម្បីជួយសង្គ្រោះដំរីនោះចេញពីរណ្តៅ។ ដំបូងពិនិត្យឃើញថា ដំរីនោះថមថយកម្លាំងខ្លាំងដោយសារខំប្រឹងឡើងចេញពីរណ្តៅ នាយកដែនជម្រកសត្វព្រៃកែវសីមា បានស្នើសុំអន្តរាគមន៍ពីក្រុមពន្លត់អគ្គីភ័យខេត្តយកឡានទឹកមួយគ្រឿងមកបាញ់ទឹកដាក់លើដំរី ដើម្បីឱ្យវាមានកម្លាំង ចំណែកឯ ក្រុមការងារសង្គ្រោះបានប្រើចបកាប់កាយធ្វើជម្រាលមាត់រណ្តៅដើម្បីឱ្យដំរីងាយស្រួលឡើងចេញ។

ក្រោយពីចំណាយពេលធ្វើជម្រាលអស់រយៈពេលជាងមួយម៉ោងមក ដំរីក៏អាចដើរឡើងចេញពីរណ្តៅនិង បានគេចចូលទៅក្នុងព្រៃបាត់ទៅ។

ក្រុម​ការងារ​អង្គការ WCS បញ្ជាក់ថា​ នេះជាលើកទីពីរហើយដែលដំរីព្រៃបានធ្លាក់ចូលក្នុងរណ្តៅជ្រៅ នៅជិតភូមិអូរអាម។ កាលពីលើកទីមួយក្នុងឆ្នាំ ២០១៧ មានដំរីចំនួន ១១ក្បាលបានធ្លាក់ តែត្រូវបានក្រុមការងារជួយសង្គ្រោះបាន។ ដើម្បីចៀសវាងកុំឱ្យសត្វព្រៃទាំងអស់ធ្លាក់ចូលក្នុងរណ្តៅដូចនេះទៀត គេគួរតែធ្វើជម្រាលឱ្យទេរបន្តិច ពេលសាងសង់ប្រព័ន្ធស្រោចស្រពធំៗដើម្បីងាយស្រួលសត្វអាចឡើងចេញរួច៕​ nkd

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print