ខេត្តរតនគិរី៖ ករណីលង់ទឹកទន្លេពីរកន្លែងផ្សេងគ្នាបណ្តាលឱ្យមនុស្សក្មេង ចាស់បីនាក់បានស្លាប់ និងម្នាក់ទៀតរួចផុតជីវិតដោយសារមានអ្នកជួយសង្គ្រោះស្រង់ពីទឹក រួចផុតជីវិតនៅក្នុងស្រុកតាវែង ។
ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងដាច់ដោយឡែកពីគ្នាករណីទីមួយមានក្មេងពីរនាក់បានលង់ទឹកស្លាប់ និងម្នាក់ទៀតបានជួយសង្រោះទាន់ពេលវេលានៅវេលាម៉ោង០៣រសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ ស្តិតនៅភូមិរៀងវិញ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ។
ករណីទី២មានមនុស្សចាស់ម្នាក់ដើរឆ្លងទឹកទន្លេដែលកំពុងតែឡើងខ្លាំងផងនោះក៏លង់ស្លាប់ ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង០៩យប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅកំពុងដរក្នុងភូមិវៀងចាន់ ឃុំតាវែងក្រោម ស្រុកតាវែង។ នេះបើតាមការបញ្ជក់ពីលោក ធួន សូរិយា អធិការរងស្រុកតាវែង ។
លោកបន្តទៀតថា ក្មេងដែលលង់ទឹកករណីទី០១ មានគ្នាបីនាក់ទៅមុជទឹកលេង ស្រាប់តែមានទឹកជំនន់ដោយសារវារីនៅប្រទេសវៀតណាមបើកទ្វារទឹក ក៏បណ្តាលឱ្យលង់ក្មេងស្លាប់ឈ្មោះ កង លិច ភេទស្រី ជនជាតិព្រៅ អាយុ៩ឆ្នាំ ទី២ឈ្មោះ ចិៈ ហម ភេទប្រុស អាយុ៥ឆ្នាំ ជនជាតិព្រៅ រស់នៅភូមិកើតហេតុខាងលើ ។ ក្មេងប្រុសម្នាក់ទៀតត្រូវបានអ្នកភូមិជួយសង្គ្រោះទាន់ពេលរួចផុតពីជីវិត ។
ប្រភពបន្តទៀតថា មនុស្សចាស់ដែលដើរឆ្លងទន្លស្លាប់នោះមានឈ្មោះ សែម ឌី ហៅរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ។
សាក្សីបានប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា០៤នាក់ បម្រុងឆ្លងទន្លេដែរ តែជនរងគ្រោះនោះបានដើរឆ្លងទៅមុន ហើយម្នាក់ទៀតចុះឆ្លងតាមក្រោយ ស្របពេលនោះ ទឹកទន្លេកំពុងតែឡើងយ៉ាងខ្លាំងផង ទំនងទៅមិនរួច ក៏ស្រែកឱ្យ២នាក់ទៀតជួយទាញដៃសង្គ្រោះឡើងវិញរួចផុតជីវិត ឯអ្នក់ឆ្លងទៅមុននោះត្រូវទឹកកួចទៅបាត់ លុះកម្លាំងសមត្ថកិច្ចចុះត្រួតពិនិត្យធ្វើកោសល្យវិច័យ ឃើញថា សាកសពអណ្តែតលើច្រាំងប្រមាណជាង៥០ម៉ែត្រពីកន្លែងកើតហេតុ ។
សាកសពត្រូវបានសមត្តកិច្ចប្រគល់ជូនទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ អ៊ុចសាវុទ្ធ