ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយស្រីស្នេហ៍បានបើករថយន្តតាកូម៉ាក្នុងល្បឿនយ៉ាងលឿនបានបុករះ រនាំងដែកពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតចំនួន៥ផ្ទាំង ហើយរថយន្តបង្កបានព្យាយាមបើករត់តែត្រូវបានប្រជាពលរដ្ឋដេញឃាត់បានប្រគល់ឱ្យសមត្ថកិច្ច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង១នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ នៅចំណុចស្តុបបូកគោក មុននឹងក្រុមហ៊ុនតូយ៉ូតា តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
បើតាមប្រភពពត៌មានពីប្រជាពលរដ្ឋដែលនៅក្បែកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តបង្កម៉ាកតាកូម៉ា ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-8501 បើកបរដោយបុរសជនជាតិចិន និងស្រីស្នេហ៍រួមដំណើរជាមួយទាំងស្ថានភាពស្រវឹងស្រាជោគជាំ បានបើកតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនរេពេញផ្លូវ ពេលមកដល់ចំណុចកើតហេតុបានបុករះរនាំងដែកពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យបាក់អស់ចំនួន៥ផ្ទាំង ហើយរថយន្តបង្កបានព្យាយាមបើករត់ទាំងរថយន្តខ្ទេចមួយកំណាត់មុខ ប៉ុន្តែត្រូវប្រជាពលរដ្ឋដេញតាមឃាត់បាននៅចំណុចស្តុបបឹងកេងកង១ តាមបណ្តោយផ្លូវ៣៦០ កែងនឹងផ្លូវលេខ៦៣ និងបានទំនាក់ទំនងទៅសមត្ថកិច្ចផងដែរ ។
ក្រោយកើតហេតុភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនបុរសជនជាតិចិនដែលបើករថយន្តបង្ក និងបានទំនាក់ទំនងទៅជំនាញឱ្យធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕
ដោយ៖ ភារ៉ា ដង្កោ