ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិសចរាចរណ៍បំណងឆ្លងផ្លូវក៏ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតពេញទំហឹង បណ្ដាលអោយបុរសម្នាក់រងរបួសបាក់ដៃខាងឆ្វេង ហើយរត់គេចខ្លួនបាត់ដោយទុកម៉ូតូនៅកន្លែងកើតហេតុ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៣និង២០នាទីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ នៅចំណុចខាងមុខមន្ទីរពេទ្យមិត្តភាពខ្មែរសុវៀត(ពេទ្យរុស្សី) តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ ទំនប់ទឹក ខណ្ឌចំកាមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកDYLAN ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1R-7119 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ទិសដៅពីត្បូងទៅជើង(បញ្ច្រាសទិស)បំណងឆ្លងផ្លូវក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីមC125 ពណ៍ខ្មៅស៊េឆ្នាំ២០០៩ ពាក់ស្លាកលេខ ភ្នំពេញ1AD-7811 ដែលជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នា ពេញទំហឹងបណ្ដាលអោយម្ចាស់ម៉ូតូឌ្រីមសង់រងរបួសបាក់ដៃខាងឆ្វេង ចំណែកម៉ូតូម្ខាងទៀតរងរបួសស្រាលបានរត់គេចខ្លួនបាត់ដោយទុកម៉ូតូនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរីឯម៉ូតូទាំងពីរគ្រឿងកម្លាំងជំនាញបានចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ភារ៉ា ដង្កោ