ភ្នំពេញ: ដោយសារវិបត្តិក្នុងគ្រួសារស្រ្តីម្នាក់ប៉ុនប៉ងលោតទឹកស្លាប់ខ្លួនលើស្ពានជ្រោយចង្វា តែមិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋជួយឃាត់ទាន់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៨ ព្រឹក ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ ២០២០ ត្រង់ចំណុចលើស្ពានជ្រោយចង្វា (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) ស្ថិតភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនមិនត្រូវបានស្គាល់ឈ្មោះ ស្នាក់នៅម្តុំទួលពង្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតភូមិព្រែកព្នៅឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
ប្រភពពត៌មានបានឲ្យដឹងថា ជនរងគ្រោះបានរៀបការជាមួយប្តី អស់រយ:ពេល៥ឆ្នាំ មកហើយនិងមានកូនម្នាក់ដោយសារជីវភាពខ្វះខាតខ្លាំងពេក ទើបជនរងគ្រោះនិងស្វាមីចាកចេញពីស្រុកកំណើតមករកការងារធ្វើក្នុងរាជធានីភ្នំពេញម្តុំទួលពង្រ តែរបរចិញ្ចឹមជីវិតមិនកាក់កបសោះ ធ្វើឲ្យគ្រួសាររបស់ជនរងគ្រោះជួបភាពដុនដាបមិនមានលុយចាយគ្រប់គ្រាន់។ ព្រោះតែបែបនេះពេលជនរងគ្រោះទៅជួប និងលេងកូន ម្តាយមិនអនុញាតិឲ្យឃើញមុខកូនឡើយ ទោះជនរងគ្រោះនិងស្វាមីខំអង្វរជាច្រើនដងយ៉ាងណាក្តី។ ដោយហេតុផលនេះហើយធ្វើឲ្យជនរងគ្រោះរស់នៅហាក់គ្មានតម្លៃ ក៏សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនតែមិនស្រេចព្រោះមានគេឃាត់ទាន់។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា នាំយកមកសាកសួរអប់រំ និងប្រគល់ជូនសាច់ញាតិវិញឲ្យនាំត្រឡប់ទៅផ្ទះវិញ៕ជ្រោយពេជ្រ