ខេត្តតាកែវ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានចុះបង្ក្រាប កាប់បំផ្លាញ និងដុតដំណាំកញ្ឆាខុសច្បាប់ចំនួន ៩ទីតាំង លើផ្ទៃដីប្រមាណ១.០២២ម៉ែត្រការ៉េ និងបំផ្លាញចោលអាង ស្តុកទឹក ចំនួន៤កន្លែង កាលពីថ្ងៃទី២១-២២ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅចំណុចដុបអាងស្រង៉ែ និងចំណុចបែកថ្លាង ក្នុងភូមិសាស្រ្តឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ព្រមទាំងឃាត់ខ្លួនជនសង្ស័យបាន២នាក់ ។
មន្រ្តីនគរបាលស្រុក គិរីវង់បានឲ្យដឹងថា ដើម្បីលុបបំបាត់ទាំងស្រុង ចំពោះបញ្ហាបទល្មើស នៃការលួចលាក់ដាំដុះកញ្ឆាខុសច្បាប់ ក្នុងមូលដ្ឋានខេត្តតាកែវ ជាពិសេសស្រុកគិរីវង់ ដែលមានភូមិសាស្ត្រស្មុគ្រស្មាញ អំណោយផលដល់ការលួចដាំដំណាំកញ្ឆា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ក្នុងរយ:ពេល២ថ្ងៃនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ២នាក់ និងបំផ្លាញដំណាំកញ្ឆាខុស ច្បាប់ចំនួន៩ទីតាំងផ្សេងគ្នា ក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។
ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ កំពុងធ្វើការសាកសួរ និងបន្តស្រាវជ្រាវ ស្វែងរកចាប់ខ្លួនបក្ខពួក ដែលរត់គេចខ្លួនច្រើននាក់ទៀត ដើម្បីផ្តន្ទាទោសតាមច្បាប់៕ ប្រាថ្នា