ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញអនុប្រធានគណៈកម្មាធិការបក្សរាជធានីភ្នំពេញ និងជាប្រធានគណៈ ចលនាសហជីពរាជធានីភ្នំពេញបានជំរុញឲ្យ ចលនាសហជីពរាជធានីភ្នំពេញ បញ្ជ្រៀបពីទឹកចិត្តមនុស្សធម៌របស់សម្ដេចតេជោហ៊ុន សែន អោយកម្មករបានដឹង ខណៈមេរោគកូរ៉ូណាCOVID-19 មិនកើតមាននៅលើពលរដ្ឋកមម្ពុជាណាម្នាក់ ។
ចំពោះភាពមនុស្សធម៌របស់សម្ដេច ក្នុងការទទួលទេសចរណ៍ដែលជិះលើ កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្ស ជាង ២២០០នាក់ ដែល បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។ ប៉ុន្តែនៅទីបំផុត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យនាវាអាមេរិកមួយនេះ ចូលចតកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមក ហើយក្រោយមកត្រូវបានអាជ្ញាធរ ម៉ាឡេស៊ី ថា លោកយាយអាយុ៨៣ឆ្នាំជនជាតិអាមេរិកម្នាក់បានឆ្លងជម្ងឺនេះ តែមកដល់ពេលនេះអ្វីដែលជាការពិតនោះលោកយាយម្នាក់នោះក៏ត្រូវបានបញ្ជាក់ថា មិនមានជម្ងឺកូរ៉ូណាថ្មី (Covid-19)នោះទេ ។ព័ត៌មាននេះ ជាកាដូដ៏ធំមួយឬជាសម្បត្តិមហាសាលសំរាប់កម្ពុជា និងធ្វើអោយប្រជាជនកម្ពុជាកាន់តែមានជំនឿជឿជាក់ មកលើសម្ដេចតេជោហ៊ុនសែន។
លោកបន្ដថា៖ គ្មានហេតុផលណាមួយ ដែលសម្ដេចតេជោធ្វើដើម្បីបំផ្លាញប្រជាជាតិឯងនោះទេ ។ សម្តេចបានលះបង់សូម្បីតែអាយុជីវិតដើម្បីរំដោះប្រទេសចេញពីរបបប៉ុលពត និងបានធ្វើការអភិវឌ្ឍន៍ ប្រទេសឲ្យរីកចម្រើនថែមទៀត ។ ដូច្នេះទេលោកស្នើ សុំឲ្យបញ្ជ្រាបអ្វីដែលសម្ដេចបានធ្វើឱ្យបង ប្អូន កម្មករបានដឹងនិងពន្យល់ពួកគាត់អោយបានយល់ច្បាស់។
ការជំរុញបែបនេះរបស លោក ឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចកែសម្រួលសមាសភាពគណៈចលនាសហជីពរាជធានីរបស់គណៈចលនាមហាជននៃគណៈកម្មាធិការបក្សរាជធានីភ្នំពេញ និងលទ្ឋផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២អាណត្តិទី៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថាកិច្ចប្រជុំនេះ គឺ ជាកិច្ចប្រជុំលើកដំបូង របស់គណៈចលនាសហជីពរាជធានីភ្នំពេញ បន្ទាប់ពីគណៈកម្មាធិការបក្សរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចកែសម្រួលគណៈចលនាមហាជន របស់គណៈកម្មាធិការបក្សរាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រជុំនោះដែរ លោកប្រធានគណៈចលនា បានស្នើអោយក្រុមការងារខណ្ឌ សង្កាត់ ត្រូវចុះអន្តរាគមន៍ទប់ស្កាត់ចំពោះម្ចាស់ផ្ទះជួល ដែលតម្លើងថ្លៃ បន្ទប់ ថ្លៃទឹក ថ្លៃភ្លើង និងសួរសុខទុក្ខបងប្អូនកម្មករនិយោជិតស្នាក់នៅផ្ទះជួល អំពីតម្លៃទឹកស្អាត តម្លៃភ្លើងអគ្គិសនី ថ្លៃឈ្នួលបន្ទប់ អំពីសន្តិសុខ បរិស្ថាន ។ល។ ក្រុមការងារកសាងគណបក្ស កសាងអង្គភាព សហជីព និងចលនាកម្មករនិយោជិតតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ខណ្ឌ សង្កាត់ ត្រូវពង្រីកសមាជិកគណបក្សនៅតាមរោងចក្រ ក្នុងគោលដៅអោយបាន ៧០% នៃសមាជិកសហជីព មូលដ្ឋានរោងចក្រ ។ បង្កើតសាខាបក្សបនិងអនុសាខាបក្ស នៅគ្រប់រោងចក្រ ព្រមទាំងអនុវត្តរបបប្រជុំជីវភាពអោយបានទៀងទាត់ ។ សម្របសម្រួលនិងដោះស្រាយនៅហ្នឹងកន្លែងនូវវិវាទផ្សេងៗ ដែលកើតមាននៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ។ កាត់បន្ថយឲ្យបានជាអតិបរិមា បាតុកម្ម កូដកម្មខុសច្បាប់ ។ ចិញ្ចឹមចលនាដល់កម្មករ និយោជិត មានធុរៈ និងត្រូវដោះស្រាយទាន់ពេលវេលា នូវករណីមិនប្រក្រតី នៅតាមកន្លែង ស្នាក់នៅរបស់បងប្អូនកម្មករ និយោជិត ដូចជា សន្តិសុខ ថ្លៃទឹកថ្លៃភ្លើងអគ្គិសនី ថ្លៃបន្ទប់ បរិស្ថាន ។ បន្តផ្សព្វផ្សាយអនុសាសន៍ ១០ចំណុចរបស់សម្តេចតេជោ ជូនដល់បងប្អូនកម្មករ និយោជិតឲ្យបានជាប្រចាំ ។ ពិសេសសូមយកចិត្តទុកដាក់បំផុសឲ្យបងប្អូនកម្មករ និយោជិតរបស់យើង កុំបារម្ភណ៍អំពី EBA ដែលសហគមន៍អឺរ៉ុបព្យួរ ឬ ដកចេញពីកម្ពុជា និងកុំចាញ់បោកការឃោសនា សង្គ្រាមចិត្តសាស្ត្រឧបាយកលរបស់ពួកប្រឆាំង និងពួកអគតិអោយសោះ ។
សូមបញ្ជាក់ថា ចំពោះការកែសម្រួលសមាសភាព គណ:ចលនាសហជីព របស់គណ:ចលនាមហាជននៃញណ:កម្មាធិការគណបក្សរាជធានីភ្នំពេញគឺ លោក ឃួង ស្រេង ជាប្រធានដែលមានអនុប្រធាន៣រូប និងមានសមាជិក១៦រូប៕ដោយ៖ សំរិត