តាមការលើកឡើងរបស់ក្រុមអ្នកឯកទេស បានបញ្ជាក់ថា ពិភពលោក ជិតឈានដល់កម្រិតកំពូលនៃការឆ្លងរាលដាល វីរុស កូវីដ-១៩ លើសពីសមត្ថភាពគ្រប់គ្រងរបស់មនុស្ស។
ប្រទេសជាច្រើន ដែលបានករណីឆ្លងវីរុសកូវីដ-១៩ កំពុងតែខិតខំទប់ស្កាត់ការរាលដាលកាន់តែខ្លាំងឡើង ក្នុងនោះមានអ៊ីរ៉ង់ អ៊ីតាលី និងកូរ៉េខាងត្បូង ជប៉ុនជាដើម។ អគ្គនាយកអង្គការសុខភាពពិភពលោក បានអំពាវនាវឲ្យមានសកម្មភាព ជាបន្ទាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសដ៏កាចសហាវនេះនៅលើពិភពលោក។ ក្រុមអ្នកឯកទេសវិទ្យាសាស្ត្រ ជាច្រើនរូបក៏បានព្រមានដូចគ្នាថា មនុស្សជាតិមិនមានពេលវេលាច្រើនទៀតឡើយនៅក្នុងការទប់ស្កាត់វីរុស កូវីដ-១៩។
ក្នុងពេលជាមួយគ្នានោះដែរ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសទទួលស្គល់ជាលើកដំបូងថា ការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ គឺជាវិបត្តិសុខាភិបាលធំបំផុត មិនធ្លាប់មាន ចាប់តាំងពីឆ្នាំ១៩៤៩ ក្រោយពេលដែលចិនបានបង្កើតទៅ ជាសាធារណរដ្ឋប្រជាមានិតចិន។ លោក ស៊ី ជីនពីង បានទទួលស្គល់ថា ល្បឿននៃការឆ្លងរាលដាល កូវីដ-១៩គឺលឿនបំផុត ក្នុងបរិវេន ធំបំផុត ពិបាកក្នុងការទប់ស្កាត់បំផុត។
ពាក់ព័ន្ធស្ថានភាព នៃការឆ្លងរាលដាលវីរុសកូវីដ-១៩ តាមបណ្តាញព័ត៌មាន wikipedia បានបញ្ជាក់ថា មកទល់ពេលនេះ អ្នកជំងឺបាត់បង់ជីវិតចំនួន ២ ៤៧០នាក់ និងឆ្លងជំងឺសរុប ៧៨ ៩៨៧នាក់ ។ ប្រទេសជុំវិញពិភពលោកចំនួន៣៣ ជំងឺ COVID-19នេះបានឆ្លងរាលដាល ។
ប្រទេសចិន ប្រភពដើមនៃជំងឺមានអ្នកឆ្លងចំនួន ៧៦ ៩៣៦នាក់, បាត់បង់ជីវិត ២៤៤៤នាក់ និងចាកចេញពីមន្ទីរពេទ្យ ២៣ ០៩៤នាក់ផងដែរ ។
កប៉ាល់ដឹកអ្នកដំណើរ ដែលដាក់នៅដោយឡែកពីគេឯង គឺកប៉ាល់ Diamond Princess នៅក្នុងប្រទេសជប៉ុននោះ មានអ្នកឆ្លងCOVID-19 ចំនួន៦៩១នាក់ ស្លាប់៣នាក់ និងចាកចេញពីមន្ទីរពេទ្យ១នាក់ ។
កូរ៉េខាងត្បូងក្លាយជាប្រទេសឆ្លងជំងឺនេះច្រើនជាងគេបំផុតក្រោយពីប្រទេសចិន ។ កូរ៉េមានជំងឺនេះសរុប៦០២នាក់, ស្លាប់៦នាក់ និងចាកចេញពីមន្ទីរពេទ្យ១៨នាក់ ។
ចំណែកអ៊ីតាលីវិញ អ្នកជំងឺមានសរុប១៥៥នាក់, ស្លាប់៣នាក់ និង២នាក់ចាកចេញពីមន្ទីរពេទ្យ ៕