ខេត្តព្រះវិហារ: មន្រ្តីយោធាម្នាក់ គិតខ្លីបានធ្វើអត្តឃាតដោយយកកាំភ្លើង បាញ់សម្លាប់ខ្លួនឯងស្លាប់ចោលប្រពន្ធកូន ដោយសារតែខឹងម្តាយទៅតាមដល់កន្លែងហាងច្រៀងខារ៉ាអូខេ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃ សៅរ៍ ៧កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកជាំក្សាន្តបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ផាត់យុទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំមុខរបរ មន្រ្តីយោធា ផ្នែកស៊ើបការណ៍ នៃកងពលតូចលេខ៩ ឈរជើងនៅខេត្តព្រះវិហារ រស់នៅភូមិឃុំកើតហេតុខាងលើ។
តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចូលទៅផឹកស៊ីច្រៀងខារ៉ាអូខេនៅហាងខារ៉ាអូខេមួយក្នុងភូមិខាងលើ ។ ពេលឃើញកូនវក់ផឹកស៊ីច្រៀងខារ៉ាអូខេយប់ជ្រៅ ដោយមិនគិតប្រពន្ធកូននៅឯផ្ទះយ៉ាងដូច្នេះ ស្រ្តីជាម្តាយបង្កើតរបស់ជនរងគ្រោះក៏ទៅហៅកូនឲ្យមកផ្ទះ និងបានធ្វើការស្តីបន្ទោសប្រៀនប្រដៅកុំឲ្យធ្វើបែបនេះទៀត ។ លុះពេលជនរងគ្រោះមកដល់ផ្ទះ ខណៈជនរងគ្រោះស្រវឹងស្រាជោក និងទំនងជាមានការអាម៉ាស់មិត្តភក្តិនៅហាងខារ៉ាអូខេផងនោះ ក៏យកកាំភ្លើងអាកាមួយដើមរបស់អង្គភាពមកបាញ់ខ្លួនឯងធ្លាយពីធ្គាមខាងស្តាំទៅក្បាលស្លាប់ភ្លាមមួយរំពេច ។
ប្រភពដដែលនេះបានឲ្យដឹងទៀតថា ក្រោយមានហេតុការណ៍នេះកើតឡើង ធ្វើឲ្យប្រពន្ធកូន និងម្តាយបង្កើត យំសោកបោកខ្លួន ដោយគិតថា មិនគួរណាជនរងគ្រោះគិតខ្លីធ្វើអត្តឃាតបែបនេះឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕