ការដែលរដ្ឋាភិបាល អាមេរិក ដឹកនាំដោយប្រធានាធិបតីដូណាល់ ត្រាំ យល់ព្រមចុះកិច្ចព្រមព្រៀងជាមួយក្រុមតាលីបង់ ក្រោយពិភាក្សាអូសបន្លាយជាច្រើនឆ្នាំកន្លងមក បង្ហាញឲ្យឃើញថានេះជាយុទ្ធសាស្ត្រ ដើម្បីស្វែងរកការគាំទ្រសម្រាប់ការបោះឆ្នោត តែប៉ុណ្ណោះ ។ ពេលនេះ លោកត្រាំមានពន្ទុះកាន់តែខ្ពស់ តាមរយៈកិច្ចព្រមព្រៀងនោះ ។
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ រវាងអាមេរិកនិងតាលីបង់ ដែលទើបតែបានចុះហត្ថលេខា កាលពីថ្ងៃទី ២៩ខែកុម្ភៈ នៅប្រទេសកាតា គ្រាន់តែជាការចាប់ផ្តើម តែប៉ុណ្ណោះ ដោយនៅផ្លូវវេងឆ្ងាយខាងមុខទៀត ទើបអាចនាំមកនៅសន្តិភាពពិតប្រាកដ។
ខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀង មាន៤ទំព័រ ប៉ុន្តែមានចំណុចពីរដែលគួឲ្យចាប់អារម្មណ៍បំផុត ទីមួយ គឺអាមេរិក ត្រូវតែដកទាហានទាំងអស់ចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ១៤ខែ ប្រសិនបើតាលីបង់ធានាដល់សន្តិសុខដល់ទាហានអាមេរិក ។ទីពីរគឺ កិច្ចព្រមព្រៀង ជាមូលដ្ឋានដើម្បីឲ្យកិច្ចពិភាក្សា រវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមតាលីបង់ បន្តពិភាក្សាគ្នា ឆ្ពោះទៅកាន់សន្តិសភាព ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការដែលអាមេរិកចុះកិច្ចព្រមព្រៀង ជាមួយក្រុមតាលីបង់នោះ ជាយុទ្ធសាស្ត្ររបស់លោកត្រាំ ក្នុងការទាក់ទាញពលរដ្ឋអាមេរិកគាំទ្រ សម្រាប់ការបោះឆ្នោត នៅខែវិច្ឆិកាឆ្នាំ ២០២០ តែប៉ុណ្ណោះ។
លោកត្រាំទទួលបានពន្ទុះខ្ពស់ សម្រាប់ការបោះឆ្នោត ដែលជាក្តីសង្ឃឹមជួយឲ្យលោកជាប់ឆ្នោតបន្ថែមមួយអាណត្តិទៀត។ កាលពីការដឹកនាំរបស់អតីតប្រធានាធិបតីអូបាម៉ា ក៏ដូចគ្នា នោះដែរ នៅពេលជិតដល់ការបោះឆ្នោត គឺមានព្រឹត្តិការណ៍នយោបាយធំមួយកើតឡើងដើម្បី ទាក់ទាញ ពលរដ្ឋគាំទ្រ ក្នុងពេលនោះ គឺការសម្លាប់ មេដឹកនាំអាលកៃដា លោកអូស្មា ប៊ីនឡាឌីន។
នៅក្នុងពិធីចុះកិច្ចព្រមព្រៀងនេះ រដ្ឋមន្ត្រី ក្រសួង ការបរទេស អាមេរិក លោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) និងប្រមុខ ដឹកនាំនយោបាយ តាលីបង់ លោក អាប់ឌុល ហ្កានី បារ៉ាដារ (Abdul Ghani Baradar) បានចុះ ហត្ថលេខា លើកិច្ចព្រមព្រៀងជា ប្រវត្តិសាស្ត្រ នៅ ថ្ងៃ សៅរ៍ ទី ២៩ កុម្ភៈ ២០២០ នៅ ទីក្រុងដូហា ប្រទេសកាតា។ ស្របតាម កិច្ចព្រមព្រៀងនិង ប្រសិនបើ ពួក តាលីបង់គោរព កិច្ចសន្យាបាន សហរដ្ឋ អាមេរិក នឹង ត្រូវដកកងទ័ពទាំង ស្រុងចេញ ពី ប្រទេសអាហ្វហ្កានីស្ថាន ក្នុង រយៈ ពេល ១៤ ខែ។ ចំណែក ការចរចា សន្តិភាព អន្តរអាហ្វហ្កានីស្ថាន នឹង អាច ចាប់ ផ្តើម នៅ សប្តាហ៍ ខាង មុខ។
បន្ទាប់ ពី ចំណាយ ពេល ចរចា គ្នា អស់ រយៈ ពេល មួយ ឆ្នាំ កន្លះ អ្នក ចរចា នៃ អតីត ភាគី ជា គូសត្រូវ ទាំង ពីរ បានចាប់ ដៃ គ្នា និង ចុះ ហត្ថលេខា លើ កិច្ចព្រមព្រៀង ក្រោម វត្តមាន របស់ លោកប្រមុខ ការទូត សហរដ្ឋ អាមេរិក និង តំណាង មក ពី ជាង ៣០ ប្រទេស តែ គ្មាន តំណាង មក ពី រដ្ឋាភិបាល អាហ្វហ្កានីស្ថានម្នាក់ ទេ។
“សហរដ្ឋ អាមេរិក និង សម្ព័ន្ធ មិត្ត នឹង ដកកងទ័ព ចេញឱ្យ អស់ ពី អាហ្វហ្កានីស្ថាន ក្នុង រយៈ ពេល ១៤ ខែ” ប្រសិន បើ តាលីបង់ គោរព តាម ពាក្យ សន្យា ដែល មាន ចែង ក្នុង កិច្ចព្រមព្រៀង ដែល ចុះ ហត្ថលេខា នៅ ថ្ងៃសៅរ៍ទី ២៩ កុម្ភៈ ឆ្នាំ ២០២០ នៅ ទីក្រុង ដូហា ប្រទេស កាតា។ នេះ បើ តាម សេចក្តី ថ្លែងការណ៍ រួម របស់ រដ្ឋាភិបាល អាមេរិក និង តាលីបង់។
ក្នុង រវាង ១៣៥ ថ្ងៃ ខាង មុខ រាប់ គិត ពី ថ្ងៃ ចុះ ហត្ថលេខា នេះ ទៅ អាមេរិក នឹងចាប់ ផ្តើម ដក ទ័ព ចេញ ពី អាហ្វហ្កានីស្ថាន ពី ១៣០០០ នាក់ ឱ្យ មក នៅ ត្រឹម ៨៦០០ នាក់។ កងទ័ព ពាក់កណ្តាលទៀត នឹង ត្រូវ អាមេរិក ព្រមទាំង សម្ព័ន្ធ មិត្ត ដក ចេញ ឱ្យ អស់ នៅ រវាង ១៤ ខែទៀត។ នេះ បើ តាម ការ លម្អិត បន្ថែម ក្នុង សេចក្តី ថ្លែងការណ៍។ ភាគី ទាំង ពីរ ក៏ បាន ព្រមព្រៀង គ្នា ផ្តោះ ប្តូរ អ្នក ទោស ដែល មាន ចំនួន ដល់រាប់ ពាន់ នាក់ ។
ចំណែក ខាង តាលីបង់ វិញ ពួក គេ ត្រូវ ថែរក្សា ការពារ ប្រទេស អាហ្វហ្កានីស្ថាន កុំ ឱ្យ ក្លាយ ជា ជម្រក របស់ ពួក ភេរវនិយម និងមិន បង្ក សកម្មភាព បែប ភេរវនិយម ។ លោក ប្រមុខ ការទូត អាមេរិក បាន ថែម ទាំង ជំរុញ ដោយ ចំៗ ឱ្យ ពួក តាលីបង់ ផ្តាច់ ទំនាក់ទំនង ជាមួយ អង្គការ ភេរវនិយម អាល់កៃដា តែ ម្តង។ ជា ចុងក្រោយ ពួកតាលីបង់ បាន សន្យា បើក កិច្ចចរចា ដោយ ពិតៗ ជាមួយ រដ្ឋាភិបាល អាហ្វហ្កានីស្ថាន ដែល គេ ធ្លាប់ បដិសេធ មិននិយាយ ចូល ពី មុន មក។ ការចរចា អន្តរអាហ្វហ្កានីស្ថាន ទំនង ជា នឹង ត្រូវ ចាប់ ផ្តើម នៅថ្ងៃ ទី ១០ មីនា ២០២០ នៅ ទីក្រុង អូស្លូ ប្រទេស ន័រវែស។ នេះ បើ តាម ខ្លឹមសារ ចែង ក្នុង កិច្ចព្រមព្រៀង។
សូម បញ្ជាក់ ថា កិច្ចព្រមព្រៀង អាមេរិក -តាលីបង់នេះ មិនមែន ជា កិច្ចព្រមព្រៀង សន្តិភាព អាហ្វហ្កានីស្ថាន ទេ តែ ជា ការ បើក ផ្លូវ ឆ្ពោះ ទៅ រក ការចរចា សន្តិភាព ។ ហេតុដូច្នេះ ហើយ បាន ជា គ្រាន់ តែឮ សេចក្តី ប្រកាស ចុះហត្ថលេខា ភ្លាម លោក ម៉ាក អេស្ពែរ (Mark Esper) រដ្ឋមន្ត្រី ក្រសួង ការពារ ជាតិ អាមេរិក ដែល កំពុង ស្ថិត នៅ ក្នុង ប្រទេស អាហ្វហ្កានីស្ថាន និងដែល ទើប បាន ចុះ ហត្ថលេខា លើ សេចក្តីថ្លែងការណ៍ រួម ដែរ ជាមួយ រដ្ឋាភិបាល ក្រុង កាប៊ូល បាន ព្រមាន ថា ប្រសិន បើ តាលីបង់ មិន គោរព តាម កិច្ចព្រមព្រៀង ទេ នោះ តាលីបង់ នឹង គ្មាន សំណាង អា ចមក អង្គុយ ក្បែរ ជន អាហ្វហ្កានីស្ថានដូច គ្នា និង ស្តារ អនាគត ប្រទេស បាន ឡើយ។
គឺ មាន តែ អាហ្វហ្កានីស្ថាន ផ្ទាល់ ខ្លួន ឯង និង តែគ្នា ឯងទេ ដែល ត្រូវ រក ដំណោះស្រាយ នយោបាយ បញ្ចប់ សង្គ្រាមផ្ទៃក្នុង ដែល អូសបន្លាយ ពេល អស់ ជាង ៤០ ឆ្នាំ៕
ដោយ៖ មែវ សាធី