ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ១,៥៨៩នាក់ ក្នុងនោះនារី ៦១៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ និស្សិតដែលទទួលបានសញ្ញាបត្រថ្ងៃនេះ រួមមាន ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផងដែរ។ ពិធីប្រគល់សញ្ញាបត្រនាព្រឹកនេះក៏មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ២២នាក់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរ និងអបអរសារដល់និស្សិតជ័យលាភីទាំងអស់ និងថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលដែលបានផ្តល់ឱកាសអោយកូនចៅបានសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរផងដែរចំពោះថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបដែលបានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សអោយទទួលបានជោគជ័យជាបន្តបន្ទាប់។
សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ការរៀនសូត្ររបស់និស្សិតយើងមិនត្រឹមតែបញ្ចប់ការសិក្សានៅថ្ងៃនេះនោះទេ មានន័យថា និស្សិតយើងអាចមានសិទ្ធិបន្តការសិក្សាពេញមួយជីវិត។ សម្តេចតេជោក៏បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យអាស៊ីអឺរ៉ុបដែលកន្លងមកតែងតែផ្តល់អាហារូបករណ៍និស្សិតក្រីក្រមកដល់សម្តេច ដើម្បីអោយសម្តេចតេជោបានផ្តល់ឱកាសអោយនិស្សិតក្រីក្រតាមបណ្តាខេត្តនានាបានបន្តការសិក្សានៅកម្រិតឧត្តមសិក្សា។ សម្តេចតេជោក៏នៅតែបន្តការឧត្តម្ភជាអង្ករ២តោន និងថវិការ៥លានរៀលក្នុង១ខែ សំរាប់វិទ្យាស្ថាន និងសាកលវិទ្យាល័យចំនួន០៥ សម្រាប់ផ្តល់អោយនិស្សិតក្រីក្ររបស់យើង។
នៅថ្ងៃនេះសម្តេចតេជោបានមានប្រសាសន៍ពាក់ទងនឹងការប្រជុំអាស៊ាន-អាមេរិក ដែលថ្មីៗនេះប្រធានាធិបតែអាមេរិកបានពន្យាពេលនៃកិច្ចប្រជុំពិសេសកំពូលអាស៊ាន-អាមេរិក ហើយក្នុងនោះក៏មានការវិភាគ និងលើកឡើងនូវមតិខុសៗគ្នា តែហេតុផលយ៉ាងណានោះ មានតែអាមេរិកខ្លួនឯងទេជាអ្នកដឹង។ សម្តេចតេជោបន្តទៀតថា មានមតិខ្លះលើកឡើងថា អាមេរិកបានចាត់ទុករឿងជំងឺកូវិត១៩ គឺជារឿងសំខាន់ ក្នុងការពន្យានៃកិច្ចប្រជុំនេះ និងជាការប្រយុទ្ធប្រឆាំងទប់ស្កាត់ជម្ងឺនេះ។ ក៏ប៉ន្តែក៏មានការលើកឡើងថាអាមេរិកពន្យាការប្រជុំដោយសារមេដឹកនាំអាស៊ានមួយចំនួនមិនទៅចូលរួមក្នុងកិច្ចប្រជុំនោះដូចជាប្រធាធិបតីនៃប្រទេសហ្វីលីពីន , នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងនាយករដ្ឋមន្ត្រីឥណ្ឌូនេស៊ី ដែលប្រទេសទាំង៣នេះអាចតំណាងជាងពាក់កណ្តាលនៃប្រជាពលរដ្ឋអាស៊ានទៅហើយ។
ហើយកន្លងមកប្រធានាធិបតីអាមេរិកក៏បានអវត្តមានក្នុងកិច្ចប្រជុំអាស៊ានចំនួន០៣ដងរួចមកហើយ ដោយបានអោយតំណាងរបស់ខ្លួនទៅជំនួស។ តែទោះជាយ៉ាងណាក៏ដោយសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាគិតថាហេតុផលទី១ជាមូលហេតុចម្បងដែលអាមេរិកសម្រេចពន្យានៃកិច្ចប្រជុំដ៏សំខាន់នេះ គឺការប្រយុទ្ធប្រឆាំងជម្ងឺកូរ៉ូណា មិនមែនអាមេរិកមិនយកចិត្តទុកដាក់ជាមួយនឹងប្រទេសអាស៊ាននោះទេ។
ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះកម្ពុជាមិនមានប្រជាពលរដ្ឋណាម្នាក់កើត ឬឆ្លងជម្ងឺ Covid-19 នោះឡើយ។ ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ព័ត៌មិនពិត(Fake News)ដែលបានផ្សព្វផ្សាយបំពុលសង្គមពីការឆ្លងជំងឺនេះ។ កម្ពុជាបានតាមដាន និងយកចិត្តទុកដាក់ជាទីបំផុតពីបញ្ហាជំងឺនេះ តាមរយៈក្រសួងសុខាភិបាល។ តែទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមអោយប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែទាំសុខភាពខ្លួនឯង ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ មួយផ្នែកទៀតទប់ទល់នឹងឥទ្ធិពលនៃជំងឺកូវិត-១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជំរុញអោយមានខិតខំពង្រឹងសមត្ថភាពសេដ្ឋកិច្ចក្នុងស្រុក អោយបានច្រើនបន្ថែមទៀត ជាពិសេសផ្នែកនៃការផ្តល់សេវា ដូចជាវិស័យទេសចរណ៍ ដែលមានដូចជាតំបន់ទេសចរណ៍ទាក់ទាញនានា, ភោជនីយដ្ឋាន និងសណ្ឋាគារនានា ត្រូវជំរុញការទាក់ទាញភ្ញៀវបន្ថែមទៀត ដើម្បីទ្រទ្រង់សេដ្ឋកិច្ចក្នុងស្រុក និងរក្សាការងារដល់ពលរដ្ឋយើង។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរដល់និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ សូមទទួលបាននូវភាពជោគជ័យក្នុងការសិក្សា និងការងាររបស់ខ្លួនជាបន្តបន្ទាប់ទៀត។ បន្ទាប់មក សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក្នុងបរិយាកាសស្និតស្នាល និងរីករាយជាទីបំផុត៕
ដោយ៖ សុខ ខេមរា