ភ្នំពេញ៖ ពិតជាសរសើរចំពោះទឹកចិត្តតារាចម្រៀង និងសម្តែង កញ្ញា វីតា ដែលបានប្រកាសទទួលយកការថតភាពយន្តអប់រំសម្រាប់កុមារ និងលើកដំកើងតម្លៃស្រីដោយមិនគិតថ្លៃ។ ការប្រកាសនេះគឺក្រោយពីនាងបានទម្លាយនូវរឿងរ៉ាវជីវិតដ៏កម្សត់ផ្ទាល់ខ្លួនដ៏គួរឲ្យសង្វេកចាប់តាំងពីនៅកុមារមក។
អតីតបេក្ខជនX Factor Cambodia កញ្ញា វីតា ថា នាងមិនបោះបង់ចោលគំនិតក្នុងការចូលរួមចែករំលែកដល់កិច្ចការងារ មួយក្នុងចំណោមការងារដែលនាងចង់ធ្វើគឺការចូលរួមថតនូវគ្រប់ភាពយន្តអប់រំវែងខ្លីនានា ដែលស្ថិតក្នុងបុព្វហេតុជួយដល់កុមារ និងស្ត្រី។ នាងថាជាការសងត្រឡប់ទៅសង្គមវិញ ពិសេសនាងចង់ជួយចូលរួមចំណែកជួយអប់រំកុមារ និងលើកទឹកចិត្តដល់ពួកគាត់ ពិសេសស្ត្រីងាយរងគ្រោះនានា។ ការបញ្ជាក់បែបនេះក៏ក្រោយពីនាងទម្លាយរឿងរ៉ាវជីវិតខ្លះៗរហូតដល់តារាស្រីរូបនេះពោលទាំងអួលដើមករថា ពីកុមារនាងធ្លាប់រស់ទាំងអត់ឃ្លានចាក់ឆ្ងាយពីផ្ទះពីឪពុកម្តាយ រៀនរស់នៅពិភពខាងក្រៅបែបតែលតោល រហូតពេលមួយនាងស្ទើតែធ្វើអត្តឃាត ដើម្បីបញ្ចប់រាល់បញ្ហាដែលនៅចំពោះមុខ។ ទោះជាយ៉ាងណាគំនិតនេះត្រូវបានបញ្ចប់ក្រោយពេលនាងទទួលបានការលើកទឹកចិត្ត និងប្រឹងប្រែងងើបឈរដោយខ្លួនឯង ឲ្យកម្លាំងចិត្តខ្លួនឯង ឲ្យតម្លៃខ្លួនឯង ព្យាយាមយល់ពីខ្លួនឯង ។ នាងថាពេលនេះនាងយល់ថាជីវិតមនុស្សគ្រប់រូបសុទ្ធតែមានតម្លៃខ្លាំង។
នាងថាក្នុងនាមជាស្ត្រីខ្មែរ ម្នាក់នាងក៏ចង់ចូលរួមចំណែកលើកតម្កើងតម្លៃស្ត្រីខ្មែរ និងឲ្យគេដឹងថាស្ត្រីមិនទន់ជ្រាយទន់ខ្សោយទេគឺជាមនុស្សរឹងមាំ និងមានលទ្ធភាពបំពេញការងារនានាដូចមនុស្សប្រុសដែរ។ នាងលើកទឹកចិត្តឲ្យកុមារទាំងអស់សង្វាត ព្យាយាមការសិក្សារៀនសូត្រយកចំណេះដឹងឲ្យទាន់ការវិវឌ្ឍន៍របស់សង្គម ជាជាងចំណាយពេលវេលាវីវក់នឹងរឿងពាលានាំឲ្យជីវិតធ្លាក់ដល់ចំណុចមួយហៅលែងលឺ។
តារាស្រីរូបនេះរំពឹងថានឹងមានផលិតករដែលមានស្នាដៃនិពន្ធភាពយន្តអប់រំល្អៗ កាន់តែច្រើនបញ្ចេញស្នាដៃរបស់ខ្លួនចូលរួមចំណែកបណ្តុះគំនិតអប់រំ បង្វែការគិតអវិជ្ជមានរបស់កុមារ និងស្រ្តី ឲ្យងាកមកតស៊ូ ជំន្នះឧបសគ្គ ដើរក្នុងផ្លូវល្អ និងមានឱកាសជួយខ្លួនឯងគ្រួសារ និងសង្គមជាតិ ហើយនាងនឹងស្ម័គ្រចិត្តចូលរួមសកម្មភាពនេះដែលអាចទំនាក់ទំនងមកនាងផ្ទាល់តាមលេខទូរស័ព្ទ០៨១៩៥៥១១៥៕ ដោយ វឌ្ឍនា